អន្តរជាតិ ៖ ប្រទេសចិនបានចូលកាន់តំណែងជាប្រធានផ្លាស់វេនប្រចាំខែឧសភានៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាប់ទីថ្ងៃទី ១ ខែឧសភានេះតទៅ។ លោក Fu Cong តំណាងអចិន្ត្រៃយ៍ចិនប្រចាំនៅអង្គការសហប្រជាជាតិចិនបានធ្វើបទបង្ហាញក្នុងសន្និសីទសារព័ត៌មានដែលបើកធ្វើនៅថ្ងៃដដែលថា ក្នុងខែនេះ ក្រុមប្រឹក្សាសន្តិសុខនឹងផ្តោតលើចំណុចសំខាន់ចំនួនបី៖ ស្តារកិត្យានុភាពនៃ «ធម្មនុញ្ញអង្គការសហប្រជាជាតិ» និងតួនាទីនៃអង្គការសហប្រជាជាតិឡើងវិញ, ជំរុញឱ្យដោះស្រាយបញ្ហាមជ្ឈិមបូពាតាមផ្លូវនយោបាយ និងគាំទ្រប្រទេសអាហ្វ្រិកឱ្យអភិវឌ្ឍប្រកបដោយស្ថិរភាព។
លោក Fu Cong បានលើកឡើងថា បច្ចុប្បន្នស្ថានការណ៍អន្តរជាតិមានភាពរង្គោះរង្គើ ប្រព័ន្ធពហុភាគីបានរងការប៉ះពាល់។ ក្រុមប្រឹក្សាសន្តិសុខនឹងបើកកិច្ចប្រជុំជជែកដេញដោលកម្រិតខ្ពស់ ដើម្បីគាំពាំរគោលការណ៍ និងកម្មវត្ថុនៃធម្មនុញ្ញ និងគាំពារប្រព័ន្ធអន្តរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល។
ក្រុមប្រឹក្សាសន្តិសុខនឹងតាមដានចំណុចក្តៅៗនៅតំបន់មជ្ឈិមបូព៌ា ដូចជាជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល លីបង់ និងសៀរីជាដើម ហើយអំពាវនាវឱ្យគ្រប់ភាគីឈប់បាញ់ជាបន្ទាន់ រក្សាការអត់ធ្មត់ និងធ្វើការពិភាក្សាគ្នាដោយប្រកាន់ខ្ជាប់នូវដំណោះស្រាយរដ្ឋពីរ ធានានូវការអនុញ្ញាតឱ្យសម្ភារៈមនុស្សធម៌ចូលក្នុងតំបន់ ក៏ដូចជាគាំទ្រការងាររក្សាស្ថិរភាព ស្តារឡើងវិញនិងប្រឆាំងនឹងភេរវកម្មក្នុងតំបន់។
ភាគីចិននឹងជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខយកចិត្តទុកដាក់ចំពោះកិច្ចការអាហ្វ្រិក គាំទ្រដល់ការដោះស្រាយការខ្វែងគំនិតតាមរបៀបអាហ្វ្រិក អំពាវនាវឱ្យបង្កើនជំនួយឧបត្ថម្ភមនុស្សធម៌ និងការបណ្តាក់ទុកលើផ្នែកអភិវឌ្ឍរបស់អាហ្វ្រិក ដើម្បីជួយអាហ្វ្រិកលើកកម្ពស់សមត្ថភាពអភិវឌ្ឍដោយម្ចាស់ការ និងលុបបំបាត់ដើមចមនៃការប៉ះទង្គិច៕
ប្រភព ៖ (CCFR)











