ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ផ្តល់ព័ត៌មាន
សូមជូនព័ត៌មានសំខាន់ៗមួយចំនួនសម្រាប់ថ្ងៃនេះ !
ទី១៖ នៅព្រឹកថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺសរុបចំនួន ៩៦២នាក់ នៅឯសាលាខេត្តកំពង់ស្ពឺ។ កំពង់ស្ពឺ គឺជាខេត្តទី៣ហើយដែលសម្ដេចតេជោបានកំណត់ជាគោលដៅក្នុងការចុះជួបមន្ត្រីរាជការបន្ទាប់ពីកំពង់ចាម និងត្បូងឃ្មុំ។ សម្តេចតេជោបានរំឭកថា ខេត្តកំពង់ស្ពឺជាទីកន្លែងអនុវត្តនូវនយោបាយ«ឈ្នះឈ្នះ»ដ៏សកម្មដែលនាំឱ្យកម្ពុជាបញ្ចប់ភ្លើងសង្គ្រាម និងមានសន្តិភាពដល់សព្វថ្ងៃ ហើយខេត្តកំពង់ស្ពឺបច្ចុប្បន្ន គឺជាខេត្តដែលមានរោងចក្រសហគ្រាសច្រើនជាងគេ។ សម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការនៅខេត្តកំពង់ស្ពឺទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ជាពិសេសការរួមគ្នារក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម។
សម្តេចប្រមុខរដ្ឋស្តីទីក៏បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសការផ្តល់សេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងការបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាព។ ក្នុងន័យនេះ សម្តេចតេជោក៏បានគាំទ្រវិធានការរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ចំពោះក្មេងទំនើងក្នុងការយកពួកគេទៅបម្រើការងារសាងសង់លេណដ្ឋាននៅតាមព្រំដែន ដែលជាការចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។
សូមកត់សម្គាល់ថា ចាប់តាំងពីចុងខែមេសា ឆ្នាំ២០២៦ មក សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រមុខរដ្ឋស្តីទី បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាននៅតាមបណ្តាខេត្ត។ នេះគឺជាប្រពៃណីរបស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលចេញពីគណបក្សប្រជាជនកម្ពុជាដែលតែងតែនៅជាមួយប្រជាពលរដ្ឋ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងអត្ថន័យរួមសុខរួមទុក្ខជាមួយគ្នា និងមិនដែលបោះបង់ចោលគ្នាឡើយទោះជាក្នុងកាលៈទេសៈណាក៏ដោយ។
ទី២៖ យុទ្ធសាស្ត្របញ្ចកោណ-ដំណាកកាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តដំណើរទៅមុខជានិច្ច ដោយឥតបង្អែរបង្អង់។ ជាក់ស្តែង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែដើម្បីទ្រទ្រង់កំណើននៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិនិងកំណើនសេដ្ឋកិច្ចជាតិ គឺជាវិស័យអាទិភាពមួយដែលត្រូវបានចង្អុលបង្ហាញក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២៦។
សម្តេចធិបតីបន្តថា ទន្ទឹមនឹងការធ្វើទំនើបកម្មបចេ្ចកវិទ្យានិងសម្ភារ:, បុគ្គលិក និងមន្ត្រីទាំងអស់ដែលបម្រើការក្នុងវិស័យកំពង់ផែក៏ត្រូវបន្តពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំដែរ ដើម្បីជួយដល់ការពង្រឹងគុណភាពនៃកំពង់ផែ និងសេដ្ឋកិច្ចជាតិ ពិសេសការទទួលបាននូវការជឿជាក់ពីបណ្តាប្រទេសនានា លើការរៀបចំនិងទុកដាក់ក៏ដូចជាការដឹកជញ្ជូនទូកុងតឺន័រចេញពីកម្ពុជា។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិថា ក្រៅពីវិស័យហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ វិស័យផ្សេងៗទៀតដែលមាននៅក្នុងមុំទាំង៥នៃយុទ្ធសាស្ត្របញ្ចកោណក៏ដូចជាកម្មវិធីគោលនយោបាយអាទិភាព៦ចំណុច រួមទាំងអាទិភាពន្លឹះ និងវិធានការគន្លឹះ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីជាកម្ពុជា ជួបប្រទះនឹងការឈ្លានពានបូរណភាពទឹកដីពីសំណាក់ប្រទេសថៃនៅតំបន់មួយចំនួនតាមបណ្តោយព្រំដែននិងបើទោះបីជាពិភពលោកកំពុងជួបប្រទះនឹងស្ថានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសាកលក៏ដោយ។ នេះគឺដោយសារកិច្ចខិតខំប្រឹងប្រែងប្រកបដោយទស្សនៈវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល និងមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពធន់ខ្លាំងឡើងជាលំដាប់។
ទី៣៖ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ ឬ MOU- 2001 មិនមែនត្រឹមតែជាកិច្ចព្រមព្រៀងខាងបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែ វាក៏មានអត្ថន័យខាងនយោបាយធំធេងដែរសម្រាប់កម្ពុជានិងថៃ ព្រោះវាបង្ហាញឲ្យឃើញអំពីសុឆន្ទៈរបស់ប្រទេសទាំងពីរ និងបម្រើផលប្រយោជន៍នៃប្រទេសទាំងពីរ តាមរយៈការព្រមព្រៀងគ្នាលើក្របខណ្ឌទ្វេភាគីដើម្បីធ្វើអាជីវកម្មរួមគ្នានៅក្នុងតំបន់ត្រួតស៊ីគ្នានៃខ្ពង់រាបបាតសមុទ្រ ដោយផ្អែកលើច្បាប់អន្តរជាតិ។ ហេតុដូច្នេះហើយ កម្ពុជាពិតជាមានការសោកស្ដាយប្រសិនបើអនុស្សរណៈនេះត្រូវបានលុបចោលជាឯកតោភាគីដោយភាគីថៃ ពីព្រោះវានឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ម្យ៉ាងទៀត អនុស្សរណៈឆ្នាំ២០០១ នេះក៏ជាក្របខណ្ឌដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរដោយផ្អែកលើច្បាប់អន្តរជាតិ ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងមិត្តភាព សហប្រតិបត្តិការ និងបម្រើឱ្យវិបុលភាពរួមគ្នារវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ កម្ពុជានៅតែតាំងចិត្តគោរពអនុវត្តទៅតាម MOU ឆ្នាំ២០០១ ទាំងខ្លឹមសារ ទាំងស្មារតី។ ប៉ុន្តែ ក្នុងករណីដែលគណៈរដ្ឋមន្ត្រីថៃអនុម័តសម្រេចដកខ្លួនចេញពី MOU នេះ គឺមានន័យថា ថៃបោះបង់ចោលនូវយន្តការឬក៏កិច្ចព្រមព្រៀងទ្វេភាគីសម្រាប់ដោះស្រាយវិវាទក្នុងតំបន់ត្រួតស៊ីគ្នានៃខ្ពង់រាបបាតសមុទ្ររវាងប្រទេសទាំងពីរដែលត្រូវបានប្រើប្រាស់ក្នុងរយៈពេល ២៥ឆ្នាំមកហើយ។ ក្នុងករណីអស់យន្តការឬក្របខណ្ឌទ្វេភាគីនេះ កម្ពុជានឹងបន្តស្វះស្វែងរកច្រកទាំងឡាយណាដែលអាចដោះស្រាយបញ្ហាដោយសន្តិវិធី និងផ្អែកលើច្បាប់។
ទី៤៖ ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣៣ ថ្ងៃ៣ ឧសភា ឆ្នាំ២០២៦ នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមដកស្រង់សាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីជាការចងចាំ ដូចតទៅ៖ «ទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំនេះត្រូវបានប្រារព្ធឡើងក្នុងបរិការណ៍ដែលពិភពលោកកំពុងស្ថិតក្នុងរបត់នៃបដិវត្តន៍បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) និងការប្រែប្រួលភូមិសាស្ត្រនយោបាយដែលមិនអាចទាយទុកជាមុនបាន។ សម្រាប់កម្ពុជា សេរីភាពសារព័ត៌មានមិនមែនត្រឹមតែជាសិទ្ធិមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះទេ ប៉ុន្តែ វាគឺជាចលករយុទ្ធសាស្ត្រក្នុងការការពារសន្តិភាព និងបូរណភាពទឹកដី ដែលត្រូវរួមគ្នាថែរក្សាឱ្យបានជាដាច់ខាត។ ប្រធានបទឆ្នាំនេះ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» បានរំលឹកឱ្យយើងដឹងថា សន្តិភាពមិនអាចកើតមានបានដោយចៃដន្យឡើយ។ សន្តិភាពត្រូវការព័ត៌មានដែលគួរឱ្យទុកចិត្ត, ត្រូវការការសន្ទនាប្រកបដោយការគោរពគ្នា, ត្រូវការការចូលរួមពីសាធារណជន និងត្រូវការប្រព័ន្ធផ្សព្វផ្សាយដែលឈរលើគោលការណ៍សុចរិតភាព វិជ្ជាជីវៈ និងការទទួលខុសត្រូវ»៕
សូមអរគុណ!
ដោយ ៖ សិលា











