ខេត្តបាត់ដំបង ៖ លំនៅឋានដែលហ៊ុំព័ទ្ធទៅដោយស័ង្កសីរបស់ប្រជាកសិករដ៏ក្រីក្រម្នាក់ត្រូវបានព្រះអគ្គិលេបត្របាក់យកអស់គ្មានសល់ កាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី០៣ ខែឧសភា នៅចំណុចភូមិអូរក្រូច ឃុំបួរ ស្រុកភ្នំព្រឹក ដែលធ្វើឲ្យខូចខាតអស់ទាំងស្រុង រាប់ទាំងទ្រព្យសម្បត្តិក្នុងផ្ទះផង ។
មន្ត្រីពន្លត់អគ្គិភ័យបានឱ្យដឹងថា លំនៅឋាននោះមានជញ្ជាំង និងដំបូលសុទ្ធតែបិតបាំងដោយស័ង្កសី មានទំហំ៤ម៉x៥ម៉ របស់កសិករក្រីក្រដ៏ចំណាស់ម្នាក់ឈ្មោះ វ័ន សុភា ភេទប្រុស អាយុ៦៥ឆ្នាំ ។ ផ្ទះរបស់គាត់ ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅដែលត្រឹមមួយដង្ហើមចង្រឹត ដែលរថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចមិនអាចចេញដំណើរទៅជួយអន្តរាគន៍បានទាន់ពេលវេលាឡើយ ។
បើតាមការសន្និដ្ឋានបឋម ដែលម្ចាស់ផ្ទះបានបំភ្លឺប្រាប់ទៅកាន់មន្ត្រីជំនាញ ៖ គឺអគ្គិភ័យនោះបានកើតឡើងពីការ«ផ្ទុះកំប៉ុងហ្គាស»ដែលគាត់ដាំបាយ ។ ពេលនោះវាបានឆាបឆេះរាលដាលពេញផ្ទះមួយរំពេច ដែលគាត់មិនអាចគ្រប់គ្រងបាន ។ ភ្លើងបានឆេះពេញទំហឹង សូម្បីអ្នកក្បែរខាងដែលព្យាយាមជួយពន្លត់ក៏មិនអាចចូលជិតបានដែរ មានតែនាំគ្នាឈរមើលព្រះអគ្គីដ៏សន្ធោសន្ធៅនេះ ប្រឹងលេបយកផ្ទះយ៉ាងគគ្លើន ក្រោមសម្រែកទ្រហោរយំទាំងសោកស្ដាយ ។
ចំពោះការបាត់បង់វិញ បើតាមរបាយាការណ៍សមត្ថកិច្ចជំនាញ ៖ ក្រៅពីអស់ផ្ទះដ៏កំសត់មួយខ្នង ជនរងគ្រោះត្រូវបាត់បង់ម៉ូតូចំនួន០២គ្រឿង រួមជាមួយនឹងទ្រព្យ សម្បត្តិដទៃទៀតអស់ស្ទើរទាំងស្រុង ដែលនៅក្នុងផ្ទះមិនអាចរំដោះចេញបាន ៕
ដោយ៖ សុរិយា










