ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី បានបង្កើតឲ្យមានការភ្ញាក់ផ្អើលជាមួយនឹងសារវីដេអូរិះគន់ទៅកាន់តារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា លី អ៊ីវាធីណា ។ រិះគន់ព្រោះតែ លី អ៊ីវ៉ាធីណាប្រើបា្រស់ពាក្យសម្តី និងលេងទឹកមុខហាក់មិនពេញចិត្តទៅលើសុខប្រឡ ពិសីនៅក្នុងកម្មវិធីប្រឡងចម្រៀងចម្រៀងមួយរបស់ទូរទស្សន៍MY TV។ កម្តៅនៃជម្លោះនេះនៅមិនទាន់រលត់នៅឡើយទេបើទោះបីជាលីអ៊ីវ៉ាធីណាបញ្ចេញវីដេអូឃ្លីបថ្មីផ្ញើទៅកាន់ សុខ ពិសី និងអ្នកគាំទ្រនាងក៏ដោយ។
គួរបញ្ជាក់ដែរថា តារាចម្រៀងនិយមច្រៀងបទចម្រៀងចិន កញ្ញា លី អ៊ីវ៉ាធីណា ត្រូវបានទូរទស្សន៍ MY TV អញ្ជើញឲ្យធ្វើជាគណៈកម្មការក្នុងកម្មវិធីប្រឡងចម្រៀងមួយនៃកម្មវិធី”ពេញចិត្តឬអត់?”ដែលតម្រូវឲ្យបេក្ខជនធ្វើត្រាប់សំឡេងដូចតារាចម្រៀងដែលបេក្ខជនពេញចិត្ត។ លីអ៊ីវ៉ាធីណា បានរិះគន់ ទៅកាន់បេក្ខជនមួយដែលច្រៀង និងធ្វើត្រាប់តារាចម្រៀងសុខ ពិសីជាមួយនឹងពាក្យសម្តី និងលេងទឹកមុខមិនពេញចិត្តចំពោះបេក្ខជននិងផ្លែផ្កាទៅកាន់តារាចម្រៀង សុខ ពិសី ពិសេសពាក្យថា”បេក្ខជនច្រៀងបានល្អជាងម្ចាស់ដើម” រហូតធ្វើឲ្យអ្នកគាំទ្រតារាចម្រៀង សុខ ពិសីផ្ទុះចេញសារប្រឆាំងតបទៅកាន់តារាចម្រៀង លី អ៊ីវ៉ាទីណាខ្លាំងៗ។
ក្នុងវីដេអូខ្លីដែលសុខ ពិសី បានបង្ហោះលើគេហទំព័របណ្តាញទំនាក់ទំនងសង្គមរបស់នាងបានរិះគន់ទៅលើតារាចម្រៀង លីអ៊ីវ៉ាធីណា ថា ជាគណៈកម្មផ្តល់ពិន្ទុបែបឈ្នានីសច្រើនជាងព្រោះតែនាងរិះគន់ទៅបេក្ខជនដែលចូលរួមមិនសមទំនង។ មិនសមទំនងព្រោះតែគណៈកម្មការរូបនេះហាក់មិនពេញចិត្តចំពោះបេក្ខជនដែលយកបទចម្រៀងរបស់នាងទៅប្រកួតប្រជែងជាមួយបេក្ខជនដទៃ។ សុខ ពិសីថា លីអ៊ីវ៉ាធីណា ហាក់ចេញចរិកពិតប្រាកដចេញមកដោយមិនដឹងខ្លួននៅពេលដែលនាងនិយាយទៅកាន់បេក្ខជន និងព្យាយាមរុញបេក្ខជនឲ្យដើរដល់ផ្លូវទាល់។
បន្ថែមលើសាវីដេអូឃ្លីបនេះ សុខពិសីបានបញ្ជាក់ថា នាងនិងលី អ៊ីវ៉ាធីណាមិនដែលមានគំនុំ ឬបញ្ហាអីជាមួយគ្នាទេ ហើយនាងតែងគោរពអោនលំទោនជានិច្ចចំពោះរៀមច្បង។ នាងបន្តថា នាងធ្លាប់ជួបកញ្ញា លី អ៊ីវ៉ាធីណា គឺចរិតគាត់ឆ្មើងឆ្មៃ ហើយនាងក៏មិនដែលយកទុកក្នុងចិត្តដែរ។ នាងថា កម្មវិធីតម្រូវឲ្យគណៈកម្មការផ្តល់យោបល់ទៅកាន់បេក្ខជនក្នុងកម្រិតមួយទទួលយកបាន និងនិយាយពាក្យថាដូច ឬមិនដូចម្ចាស់ដើមប៉ុណ្ណោះហេតុអ្វីបានជាលី អ៊ីវ៉ាទីណាចាំបាច់និយាយអ្វីលើសពីហ្នឹងហើយនាងស្នើសុំឱ្យគាត់ចេះគិតពិចារណាផង មុននឹងនិយាយអ្វីមួយ នៅកម្មវិធីទូរទស្សន៍។ សុខ ពិសី បាននិយាយចំៗថា ក្នុងនាម កញ្ញា លី វ៉ាធីណា ជាសិល្បកររៀមច្បង មិនគួរប្រើទឹកមុខ និង ពាក្យសម្ដីមិនសមរម្យ លើកញ្ចក់ទូរទស្សន៍ ដែលមានមហាជនទស្សនារាប់ម៉ឺននាក់បែបនេះឡើយ។
ជុំវិញការលើកឡើងរបស់ សុខ ពិសី តារាចម្រៀង លី អ៊ីវ៉ាធីណា បានបញ្ចេញវីដេអូខ្លីរបស់ខ្លួនប្រយោជន៍បកស្រាយ និងច្រានចោលការចោទប្រកាន់របស់ សុខ ពិសី និងអ្នកគាំទ្ររបស់នាង។ នាងបានបដិសេធចោលចំពោះការចោទប្រកាន់ថា នាងមានចេតនាវាយប្រហារ សុខ ពិសី ក៏ដូចជាបេក្ខជន។ នាងបញ្ជាក់ថា មិនមានចំណុចណាដែលបញ្ជាក់ថា នាងរិះគន់ឈ្នានីសទៅកាន់ សុខ ពិសីទេ ហើយក្នុងនាមនាងជាគណៈកម្មការ នាងនិយាយអ្វីដែលជាការពិត បើច្រៀងពិរោះគឺថាពិរោះបើអត់គឺអត់។ នាងបញ្ជាក់ថា នាងមិនដែលមានគំនិតច្រណែនឈ្នានីសជាមួយ សុខ ពិសីណាមួយនោះទេ។ នាងស្នើឲ្យមហាជនពិចារណា និងទស្សនាវីដេអូឃ្លីបនឹងឡើងវិញថា តើចំណុចណាដែលគេចោទថានាងរិះគន់ឈ្នានីស តារាចម្រៀង សុខ ពិសី?។
បើទោះបីជាចេញវីដេអូឃ្លីបបកស្រាយក្តីក៏មានការបញ្ចេញយោបល់ជាច្រើនវាយប្រហារទៅកាន់តារាចម្រៀងលី អ៊ីវ៉ាធីណា នៅខាងក្រោមវីដេអូឃ្លីបដែលមានអ្នកចូលមើលរាប់សែននាក់នេះ ដែលធ្វើឲ្យកម្តៅនៃភាពចម្រូងចម្រាសនេះហាក់មិនថមថយទៅវិញនោះទេ។ ប៉ុន្តែការរិះគន់វាយប្រហារគ្នាដោយចំហរនេះក៏ត្រូវបានមហាជនរិះគន់តារាចម្រៀងទាំងពីរដែរថា មិនគួរបើកការវាយប្រហារឌឺដងដោយពាក្យសម្តីតាមរយៈបណ្តាញទំនាក់ទំនងសង្គមដែលធ្វើឲ្យគេវាយតម្លៃពីក្រមសីលធម៌របស់សិល្បករនោះដែរ៕
https://youtu.be/tUFUB4oDkHo
https://youtu.be/k6kOvZAeKD8
https://youtu.be/UisuVSlRK4s
ដោយ៖ វឌ្ឍនា