ខេត្តកំពង់ស្ពឺ÷ រថយន្តចំនួន០២គ្រឿងបានឆេះស្ទើរតែទាំងស្រុង ខណៈដែលអគ្គិភ័យឆាបឆេះទីតាំងស្តុកទុកអេតចាយមួយកន្លែង ដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍ពន្លត់ ។
ហេតុការណ៍ឆេះកន្លែងស្តុកអេតចាយមួយកន្លែង និងឆេះទាំងរថយន្ត០២គ្រឿងផងនោះ កើតឡើងកាលពីវេលាម៉ោង៩និង០៣នាទីយប់ ថ្ងៃទី០៣ ឧសភា ឆ្នាំ២០២៦ ស្ថិតនៅចំណុចក្នុងភូមិបឹងងោង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកគងពិសី បានឲ្យដឹងថា មានករណីអគ្គិភ័យឆេះទីតាំងស្តុកទុកអេតចាយ ដែលមានរោងធ្វើអំពីឈើប្រក់សង្កសីរបស់ម្ចាស់ឈ្មោះ លឹម សុវណ្ណរឹទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិស្នួលជ្រុំ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ករណីខាងលើនេះ បណ្ដាលឱ្យរងការខូចខាតផ្ទះធ្វើពីស័ង្កសីទំហំ៤គុណនឹង៥ម៉ែត្រ០១ខ្នង និងរថយន្ត២គ្រឿង ទី១-រថយន្តម៉ាកហ៊ីយ៉ាន់ដា(HIYADAY) ពណ៌ខៀវ ពាក់ផ្លាកលេខបាត់ដំបង3A-0313ទំនង់៣តោន និងទី២-រថយន្តម៉ាកកូរ៉េពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ2Q-3254 ទំងន់២តោនកន្លះ ។ ឆេះថង់កៅស៊ូ និងសម្ភារ:អេតចាយដែលគរទុកនៅទីតាំងខាងលើជាច្រើន ។
នគរបាលស្រុកគងពិសីបានឲ្យដឹងទៀតថា មូលហេតុបង្កឲ្យមានអគ្គិភ័យឆាបឆេះខាងលើនោះ មិនទាន់ដឹងច្បាស់លាស់នៅឡើយទេ សមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ។ លទ្ធផលប្រតិបត្តិការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង ។
នគរបាលស្រុកគងពិសីបានបញ្ជាក់ឱ្យដឹងថា ករណីខាងលើនេះ មិនបណ្តាលឱ្យមានរងរបួសមនុស្ស និងសត្វនោះឡើយ ៕
ដោយ៖ សុរិយា










