សារព័ត៌មាន AFP បានផ្សាយថា នាថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦ យោធានៃប្រទេសអ៉ីរ៉ង់ បានព្រមានថា កងកម្លាំងយោធារបស់សហរដ្ឋអាមេរិក នឹងរងការវាយប្រហារ ប្រសិនបើពួកគេហ៊ានចូលមកច្រកសមុទ្រ Hormuz បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ទីក្រុងវ៉ាស៉ីនតោននឹងចាប់ផ្តើមប្រតិបត្តិការជួយកប៉ាល់ពាណិជ្ជកម្ម ធ្វើដំណើរឆ្លងកាត់ច្រកផ្លូវទឹកដែលត្រូវបានបិទខ្ទប់នោះ។
ឧត្តមសេនីយ៍អ៉ីរ៉ង់ លោក Ali Abdollahi នៃបញ្ជាការដ្ឋានកណ្តាលរបស់យោធាអ៉ីរ៉ង់ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ IRIB ថា «យើងព្រមានកងកម្លាំងប្រដាប់អាវុធបរទេសទាំងឡាយ ជាពិសេសយោធាអាមេរិក… ប្រសិនបើពួកគេហ៊ានធ្វើដំណើរឆ្ពោះមក ឬចូលក្នុងច្រកសមុទ្រ Hormuz នោះនឹងត្រូវកំណត់គោលដៅ ហើយរងការវាយប្រហារមិនខាន។
ឧត្តមសេនីយ៍អ៉ីរ៉ង់បានបន្តទៀតថា «យើងធ្លាប់បានសង្កត់ធ្ងន់ជាដដែលៗរួចហើយថា សន្តិសុខនៃច្រកសមុទ្រ Hormuz គឺស្ថិតក្រោមការគ្រប់គ្រងនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៉ីរ៉ង់ ហើយក្នុងកាលៈទេសៈគ្រប់បែបយ៉ាង គឺការធ្វើដំណើរណាមួយដោយសុវត្ថិភាព ចាំបាច់ត្រូវតែមានការសម្របសម្រួលជាមួយកងកម្លាំងរបស់យើង»។
ច្រកសមុទ្រ Hormuz ដែលជាច្រកផ្លូវទឹកដ៏សំខាន់ សម្រាប់លំហូរប្រេងនិងឧស្ម័នរបស់ពិភពលោក ត្រូវបានអ៉ីរ៉ង់បិទខ្ទប់ ចាប់តាំងពីសង្រ្គាមបង្កឡើងដោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល កាលពីចុងខែកុម្ភៈ។ កាលពីថ្ងៃអាទិត្យ ទី៣ ខែឧសភា លោក ត្រាំ បាននិយាយថា កងកម្លាំងយោធាអាមេរិក នឹងចាប់ផ្តើមប្រតិបត្តិការហៅថា Project Freedom នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដើម្បីជួយរំដោះកប៉ាល់រាប់រយគ្រឿងដែលជាប់គាំង ដោយសារមិនហ៊ានធ្វើដំណើរឆ្លងច្រកសមុទ្រ Hormuz៕

រូបថត: wana









