ភ្នំពេញ៖ ..សម្ដេច ម៉ែន សំអន បានគាំទ្រផ្សារផលិតផលខ្មែរ នៅខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក និងបង្កើនប្រាក់ចំណូលលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង ។
សម្ដេចកិត្តសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានសម្ដែងការគាំទ្របែបនេះ ខណៈសម្ដេច អញ្ជើញទស្សនាសួនច្បារ និងផ្សារផលិតផលខ្មែរ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ។
ក្នុងពិធីនោះផងដែរ ក៏មានការអមដំណើរដោយ លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខា សមាគមនារីខេត្តកំពង់ចាម និងលោកជំទាវ ប៉ាង ដានី ប្រធានប្រតិបត្តិសាខា និងលោកស្រី ប្រធានមន្ទីពាក់ព័ន្ធជុំវិញខេត្ត។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានកោតសសើរដល់រដ្ឋបាលខេត្ត និង សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ដែលបានចូលរួមយ៉ាងសកម្មក្នុងការជម្រុញ និងលើកស្ទួយនូវផលិតផលខែ្មរឲ្យកាន់តែមានតម្លៃ និងបានចូលរួមចំណែកក្នុងការលើកស្ទួយដល់សេដ្ឋកិច្ចគ្រួសារផងដែរ ។ ទទ្ទឹមនឹងនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានសំណូមពរដល់ប្រជាកសិករទាំងអស់គ្នាត្រូវ ធានាបាននូវផលិតផលដែលគ្មានជាតិគីមី និងត្រូវពង្រឹងគុណភាពនៃការដាំដុះ ដោយគោរពតាមក្បួនខ្នាតរបស់ក្រសួងកសិកម្ម ចំណែកឯអាជីវករវិញ ត្រូវចេះវេចខ្ចប់ និងប្រើប្រាស់ផ្លូវស្លាកសញ្ញាដែលជារបស់ខ្មែរ និងត្រូវចេះផ្សព្វផ្សា យអំពីផលិតផលខ្មែរ និងមិនត្រូវកេងចំណេញខ្លាំងពេកពីប្រជាកសិករ រួមទាំងការតម្លើងថ្លៃខុស ប្រក្រតី។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ផ្សារផលិតផលខ្មែរនេះ គឺជាការលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ និងជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។
សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន ក៏បានសាទរដល់រដ្ឋបាលខេត្ត ដែលបានរៀបចំឱ្យមានតំបន់ទេសចរណ៍ជាច្រើន រួមទាំងបានកែរលំអរនូវសួនច្បារ ច្រាំងទន្លេ និងកែលំអរសោភណ្ឌភាពខេត្ត ដែលជាទីកន្លែងដ៏ទាក់ទាញសម្រាប់ទេសចរណ៍ជាតិ និងអន្តរជាតិ ក៏ដូចជា អ្នកហាត់ ប្រាណប្រចាំថ្ងៃផងដែរ។ មិនត្រឹមប៉ុណ្ណោះ ខេត្តកំពង់ចាម មានកំពង់ផែទេសចរណ៍ស្តង់ដារមួយ ដែលមានសោភ័ណភាព នឹងលេចចេញនៅពេលខាងមុខនេះ ដែលអាចប្រែក្លាយទៅជាច្រកទ្វារសំខាន់ក្នុងការទាក់ទាញទេសចរ និងបង្កើនតភ្ជាប់ផ្លូវទឹកទៅកាន់ខេត្តផ្សេងៗតាមបណ្តោយទន្លេ និងបង្កើនសក្តានុពលសេដ្ឋកិច្ចតាមបណ្តោយផ្លូវទឹក។
សូមបញ្ជាក់ថា ក្រោមការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងក្រោមការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តកំពង់ចាម និងមានការសម្របសម្រួលរបស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម គឺផ្សារលក់ផលិតផលខ្មែរបានដាក់ឲ្យដំណើរ ការ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិត ផលខ្មែរខេត្តកំពង់ចាម បាននឹងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តកំពង់ចាម នៅរៀង រាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៨ព្រឹក-៨ល្ងាច៕. ដោយ សំរិត










