វិមានរដ្ឋសភា ៖ គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា (គណៈកម្មការទី៤) ដឹកនាំដោយ លោក កែប ជុតិមា ប្រធានគណៈកម្មការ បានបើកកិច្ចប្រជុំពិភាក្សាលម្អិតលើសេចក្តីព្រាងច្បាប់ “ស្តីពីកាតព្វកិច្ចយោធា” ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នេះ។
សេចក្តីព្រាងច្បាប់ “ស្តីពីកាតព្វកិច្ចយោធា” ត្រូវបានបង្កើតឡើងក្នុងគោលដៅពង្រឹងខឿនការពារជាតិ ការពារបូរណភាពទឹកដី និងបណ្តុះស្មារតីស្នេហាជាតិដល់យុវជនខ្មែរគ្រប់ ។
សេចក្តីព្រាងច្បាប់ “ស្តីពីកាតព្វកិច្ចយោធា” បានកំណត់៖
• លក្ខខណ្ឌអាយុ និងភេទ៖ ប្រជាពលរដ្ឋខ្មែរភេទប្រុសដែលមានអាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ គឺជាមុខសញ្ញាចាំបាច់ដែលត្រូវបំពេញកាតព្វកិច្ចយោធា រយៈពេល ២៤ ខែជាកំហិត (អាចបន្តបាន ៦ ខែក្នុងករណីចាំបាច់បំផុត)។
• ករណីសញ្ជាតិទ្វេ៖ បុគ្គលដែលមានសញ្ជាតិច្រើន ប៉ុន្តែរស់នៅក្នុងប្រទេសកម្ពុជា ក៏ត្រូវមានកាតព្វកិច្ចចូលបម្រើកងទ័ពដូចប្រជាពលរដ្ឋទូទៅដែរ។
• ការស្ម័គ្រចិត្តចំពោះស្ត្រី៖ ចំពោះស្ត្រី មិនតម្រូវជាកាតព្វកិច្ចឡើយ ប៉ុន្តែត្រូវបានលើកទឹកចិត្តឱ្យចូលរួមតាមគោលការណ៍ស្ម័គ្រចិត្ត។
• ការលើកលែង៖ ផ្តល់ការលើកលែងចំពោះ ភិក្ខុសង្ឃ បុព្វជិតសាសនា អ្នកមានពិការភាព និងអ្នកជំនាញជាន់ខ្ពស់ដែលកំពុងបំពេញបេសកកម្មសំខាន់ៗជូនជាតិ។
ទោសប្បញ្ញត្តិ និងអត្ថប្រយោជន៍៖ ដើម្បីធានានូវស័ក្តិសិទ្ធភាពនៃច្បាប់ បុគ្គលដែលគេចវេសអាចប្រឈមនឹងការផាកពិន័យជាប្រាក់ និងទោសដាក់ពន្ធនាគារចាប់ពី ៦ ខែ រហូតដល់ ៥ ឆ្នាំ អាស្រ័យលើស្ថានទម្ងន់ទោស និងកាលៈទេសៈជាក់ស្តែង។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានគិតគូរពីអត្ថប្រយោជន៍សម្រាប់អ្នកបញ្ចប់កាតព្វកិច្ចរួមមាន អាទិភាពក្នុងក្របខ័ណ្ឌការងាររដ្ឋ និងឯកជន, ការរក្សាមុខតំណែង និងប្រាក់បៀវត្សរ៍សម្រាប់អ្នកមានការងារស្រាប់ ,ការអនុញ្ញាតឱ្យចូលរៀនវិញដោយរក្សាលទ្ធផលសិក្សាចាស់ ព្រមទាំងទទួលបានរបបស្បៀង និងប្រាក់ឧបត្ថម្ភក្នុងកំឡុងពេលបំពេញការងារជាដើម។
ឯកឧត្តម កែប ជុតិមា មានប្រសាសន៍សង្កត់ធ្ងន់ថា កិច្ចប្រជុំពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ដែលរៀបចំធ្វើនៅថ្ងៃនេះ មិនមែនជាវេទិកាសាកសួរដេញដោលនោះទេ ប៉ុន្តែគឺជាយន្តការក្នុងការប្រមូលមតិយោបល់ និងធាតុចូលសំខាន់ៗ។ ឯកឧត្តមបានបញ្ជាក់ថា៖ «រដ្ឋសភានិងរាជរដ្ឋាភិបាលរួមគ្នាធ្វើការងារនេះ គឺដើម្បីធ្វើយ៉ាងណាឱ្យសេចក្តីព្រាងច្បាប់នេះមានគុណភាពខ្ពស់បំផុត និងបម្រើផលប្រយោជន៍ជាតិ ព្រមទាំងប្រជាជនជាធំ»។ បន្ថែមលើនេះ ឯកឧត្តមប្រធានគណៈកម្មការ ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំច្បាប់នេះឡើង ដើម្បីពង្រឹងវិស័យការពារជាតិ និងស្មារតីស្នេហាជាតិឱ្យកាន់តែមានភាពសកម្ម។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ច្បាប់ចាស់ឆ្នាំ២០០៦ ពុំទាន់គ្របដណ្តប់គ្រប់ជ្រុងជ្រោយសម្រាប់ស្ថានភាពបច្ចុប្បន្នឡើយ។ ការធ្វើបច្ចុប្បន្នភាពច្បាប់នេះ គឺជាការចាំបាច់ដើម្បីពង្រឹងខឿនការពារជាតិ ការពារបូរណភាពទឹកដី និងបណ្តុះស្មារតីស្នេហាជាតិដល់យុវជនជំនាន់ក្រោយ៕
ប្រភព ៖ (CCFR)










