ភ្នំពេញ ៖ នាល្ងាចថ្ងៃច័ន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២៦នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជារការឯកភាពរដ្ឋខណ្ឌ និងមានការចូលពីលោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ បានដឹកកម្លាំងចុះធ្វើរដ្ឋបាលក្នុងមូលដ្ឋានសង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋយ៉ាងស្និតស្នាលផងដែរ ។
នាឱកាសនោះ លោកអភិបាលខណ្ឌ បានជម្រាបបងប្អូនអំពីសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ការងារធ្វើអនាម័យ បរិស្ថាន ក្នុងមូលដ្ឋាន ដែលរដ្ឋបាលខណ្ឌបានកំពុងអនុវត្តយ៉ាងសស្រាក់ស្រាំ ។ ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ សូមឲ្យបងប្អូនទាំងអស់ ចូលរួមសម្អាតរៀបចំផ្ទះសម្បែងឲ្យបានស្អាត និងបង្កើនការប្រុងប្រយ័ត្នជានិច្ច ចំពោះបញ្ហាគ្រោះអគ្គិភ័យ ។ មិនតែប៉ុណ្ណោះ លោកអភិបាល រំលឹកបងប្អូនត្រូវរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរមូលដ្ឋាន ពេលមានបញ្ហាប្ញភាពមិនប្រក្រតីណាមួយកើតឡើងនៅទីតាំងដែលបងប្អូនរស់ ដើម្បីអាជ្ញាធរដោះស្រាយជូន ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋបានសម្តែងក្តីសប្បាយរីករាយ និងថ្លែងអំណរគុណដល់លោកអភិបាលខណ្ឌ និងលោកអធិការខណ្ឌ ដែលតែងតែចុះជាប់ប្រចាំ ដើម្បីដឹងសុខទុក្ខប្រជាពលរដ្ឋ និងសេចក្តីត្រូវការរបស់ពួកគាត់ ហើយបានដោះស្រាយជូនពួកគាត់បានទាន់ពេលវេលា មិនថាយប់ ឬថ្ងៃ មិនខ្លាចនឿយហត់ ហើយពួកគាត់សន្យាសហការរាល់ការងារត្រូវតែចូលរួមជាមួយសមត្ថកិច្ច និងអាជ្ញាធរ ដើម្បីសេចក្តីសុខ សុវត្ថិភាពក្នុងមូលដ្ឋានទាំងអស់គ្នា ៕










