សារព័ត៌មាន Reuters បានផ្សាយថា នៅថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ ថាហេតុការណ៍ផ្ទុះដ៏សម្បើមនៅឯរោងចក្រផលិតកាំជ្រួចមួយក្នុងខេត្ត Hunan នៃប្រទេសចិន បានសម្លាប់ មនុស្ស២១នាក់ និងរងរបួស៦១នាក់ ជំរុញឱ្យលោកប្រធានាធិបតីចិន ស៊ី ជីនពីង អំពាវនាវឱ្យបើកការស៊ើបអង្កេតមួយជាបន្ទាន់។
តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV និង Xinhua ហេតុការណ៍ផ្ទុះខាងលើបានកើតឡើងនៅក្នុងទីក្រុង Changsha នៃខេត្ត Hunan ដែលសម្បូរទៅដោយរោងចក្រផលិតកាំជ្រួច កាលពីថ្ងៃចន្ទ ម្សិលមិញ នៅវេលាម៉ោង ៤៖៤០នាទីរសៀល។ ក្រុមអ្នកពន្លត់អគ្គិភ័យ ក្រុមអ្នកជួយសង្រ្គោះ និងបុគ្គលិកពេទ្យជិត ៥០០នាក់ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។
ការផ្ទុះនេះដែរបានកើតឡើងនៅឯរោងចក្រ Huasheng Fireworks Manufacturing and Display Company។ ភ្លាមៗ លោក ស៊ី ជីនពីង បានចេញបញ្ជាឱ្យអាជ្ញាធរចិន បើកការស៊ើបអង្កេតដើម្បីកំណត់មូលហេតុនៅពីក្រោយការផ្ទុះ និងស្វែងរកអ្នកទទួលខុសត្រូវ ព្រមទាំងរឹតបន្តឹងបទដ្ឋានសុវត្ថភាពផងដែរ៕

រូបថត:CCTV









