ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ ទប់ស្កាត់សកម្មភាពទាំងឡាយដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែររួមទាំងសីលធម៌សង្គមខ្មែរ ។
លោកជំទាវបណ្ឌិតបានលើកថា ៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ថ្ងៃនេះ ក្នុងឱកាសចូលរួមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤-២០២៥ និងលើកទិសដៅឆ្នាំ២០២៦-២០២៧ របស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ នាងខ្ញុំពិតជាមានអារម្មណ៍ពេញចិត្តនិងរីករាយក្រៃលែងក្រោយពីបានឃើញសមិទ្ធផលជាច្រើនដែលគណៈកម្មាធិការខិតខំបំពេញដើម្បីលើកកម្ពស់ការគោរពសីលធម៌សង្គម ការឱ្យតម្លៃស្ត្រី ការអប់រំដល់កូនខ្មែរជំនាន់ក្រោយឱ្យចេះគោរព ថែរក្សានិងការពារវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ខ្មែរ ជាពិសេសការទប់ស្កាត់សកម្មភាពទាំងឡាយដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែររួមទាំងសីលធម៌សង្គមខ្មែរ។
លោកជំទាវបណ្ឌិតបន្តថា ៖ ការងារលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ គឺជាការងារដែលទាមទារនូវភាពអត់ធ្មត់ ភាពទន់ភ្លន់ ប៉ុន្តែត្រូវតែមានភាពម៉ឺងម៉ាត់ និងបន្តធ្វើជាប្រចាំ ហេីយជាការងារដែលត្រូវចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពីគ្រួសាររហូតដល់ស្ថាប័នរដ្ឋ និងសង្គមទាំងមូល ៕
ដោយ ៖ សិលា










