អន្តរជាតិ ៖ នៅវេលាម៉ោង ១៦ ប្រហែល ៤០នាទី ថ្ងៃទី ៤ ខែឧសភា ក្នុងរោងផលិតនៃរោងចក្រកាំជ្រួញ Huasheng ដែលស្ថិតនៅស្រុក Liuyang ក្រុង Changsha ខេត្ត Hunan ប្រទេសចិនបានកើតមានហេតុការណ៍បំផ្ទុះ បណ្តាលឱ្យមនុស្សច្រើននាក់ស្លាប់បាត់បង់ជីវិតនិងរងរបួស។
បន្ទាប់ពីឧបទ្ទេវហតុនេះកើតឡើង លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានយកចិត្តទុកដាក់ខ្ពស់ ហើយបានផ្តល់អនុសាសន៍ណែនាំសំខាន់ចំពោះករណីនេះថា ត្រូវធ្វើការរុករកនិងជួយសង្គ្រោះជាបន្ទាន់ចំពោះមនុស្សបាត់ខ្លួន ព្យាបាលជួយសង្គ្រោះមនុស្សរងរបួស រៀបចំចាត់ចែងការងារបន្ទាប់ឱ្យបានសមរម្យ ស្វែងរកឱ្យបានឆាប់ចំពោះមូលហេតុ និងត្រូវធ្វើការស៊ើបអង្កេតឲ្យបានតឹងរ៉ឹងចំពោះអ្នកទទួលខុសត្រូវ។
លោកបានសង្កត់ធ្ងន់ថា តំបន់នានា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវរៀនបទពិសោធន៍ពីហេតុការណ៍នេះ គួរផ្តោតការយកចិត្តទុកដាក់ខ្ពស់ជានិច្ចចំពោះទំនួលខុសត្រូវនៃសុវត្តិភាពផលិតកម្ម ត្រូវធ្វើការត្រួតពិនិត្យនិងគ្រប់គ្រងដើម្បីទប់ស្កាត់ហានិភ័យគ្រោះថ្នាក់ក្នុងវិស័យឧស្សាហកម្មសំខាន់ បង្កើនការគ្រប់គ្រងសន្តិភាពសាធារណៈ ដើម្បីធានាសុវត្តិភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជន ៕
ប្រភព ៖ (CCFR)










