ប្រទេសថៃ៖ បើតាម The Nation បានចុះផ្សាយថា រញ្ជួយដី កើតឡើងនៅខេត្ត Chiang Rai ប្រទេសថៃដោយមានកម្រិតត្រឹម ២.៣រ៉ិចទ័រ មិនបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរទេ។ ខណៈថៃ កំពុងតែជួបខ្យល់ព្យុះ រលកកម្តៅផ្សែងពុលផងដែរ។
យោងតាមអង្គភាពតាមដានគ្រោះរញ្ជួយដីថៃ, គ្រោះធម្មជាតិនេះ វាយប្រហារនៅម៉ោង ៨:២៥នាទី ព្រឹកថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ ជាមួយចំណុចកណ្តាលនៅឃុំ Mae Chan នៃស្រុក Mae Chan មានជម្រៅរាក់ ត្រឹម ១គីឡូម៉ែត្រ។
យ៉ាងណា ថៃ កំពុងវាយតម្លៃនិងតាមដានបន្តទៀត ក្រែងមានហានិភ័យគ្រោះរញ្ជួយដីថ្មីៗ ដែលអាចមានកម្លាំងខ្លាំងជាងនេះ បង្កជាផលប៉ះពាល់ធ្ងន់ធ្ងរ។
គេនៅចាំមិនទាន់ភ្លេច កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំមុន សោកនាដកម្មរញ្ជួយដីដ៏សាហាវ បានឆក់យកជីវិតមនុស្សចំនួន ១០៣នាក់ និងរាប់រយនាក់ទៀតរងរបួស។
រញ្ជួយដីនោះ មានកម្រិតចន្លោះពី ៧.៧ ទៅ ៨.២ រិចទ័រ ជាមួយកណ្ដាល ក្បែរទីក្រុង Mandalay និង Sagaing នៃប្រទេស មីយ៉ាន់ម៉ា ចម្ងាយប្រហែល ៣២០ គីឡូម៉ែត្រពីខេត្ត Mae Hong Son របស់ថៃ។
ឥទ្ធិពលរញ្ជួយដី បានវាយប្រហារប្រទេសថៃ នាវេលាម៉ោងប្រហែល ១:២០ នាទីរសៀល។ ដ្បិតចំណុចកណ្ដាលនៅឆ្ងាយក៏ដោយ ប៉ុន្តែរំញ័រ ត្រូវបានគេទទួលអារម្មណ៍ នៅទូទាំង៦៣ខេត្ត ក្នុងប្រទេសថៃ ជាពិសេសនៅ ទីក្រុងបាងកកតែម្តង៕
ដោយ៖តារា










