សារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ បានផ្សាយថា ជប៉ុនទើបទទួលបានប្រេងរុស្ស៉ីជាលើកដំបូង ចាប់តាំងពីលំហូរផ្គត់ផ្គង់ប្រេងរបស់ពិភពលោក ត្រូវបានរឹតត្បិតដោយសារតែការបិទខ្ទប់ច្រកសមុទ្រ Hormuz នៅពេលសង្រ្គាមអ៉ីរ៉ង់ផ្ទុះឡើង។
កប៉ាល់ដឹកប្រេងឆៅរបស់រុស្ស៉ី បានមកដល់ទីក្រុង Imabari ភាគខាងលិចប្រទេសជប៉ុន កាលពីថ្ងៃចន្ទ។ ជប៉ុនដែលពឹងផ្អែកលើតំបន់មជ្ឈិមបូព៌ា សម្រាប់ការនាំចូលប្រេងប្រហែល៩៥ភាគរយ បានព្យាយាមធ្វើពិពិធកម្មប្រភពសម្រាប់ទិញថាមពល ចាប់តាំងពីពេលផ្ទុះសង្រ្គាមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលនាំឱ្យទីក្រុងតេហេរ៉ង់បិទខ្ទប់ច្រកសមុទ្រ Hormuz។ ក្រុមហ៊ុនប្រេងជប៉ុន Taiyo Oil ទទួលបានសំណើពីក្រសួងសេដ្ឋកិច្ច ដើម្បីទទួលយកប្រេងរុស្ស៉ី ដែលនឹងត្រូវបញ្ជូនទៅកាន់រោងចក្រចម្រាញ់ ដើម្បីបំប្លែងជាប្រេងសាំង និងផលិតផលប្រេងដទៃទៀត។
កាលពីថ្ងៃចន្ទ ថ្លែងចេញពីទីក្រុងកង់បេរ៉ា ក្រោយជំនួបជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បាននិយាយថា ការរឹតត្បិតលំហូរប្រេងជាសកល កំពុងជះផលប៉ះពាល់យ៉ាងធំសម្បើម ចំពោះតំបន់អាស៉ី-ប៉ាស៉ីហ្វិក។ លោកស្រី បានបន្តថា ជប៉ុននិងអូស្រ្តាលី នឹងឆ្លើយតបជាបន្ទាន់ ដើម្បីធានាឱ្យបានការផ្គត់ផ្គង់ថាមពល ដែលមានស្ថិរភាព។
ជាធម្មតាប្រេងនិងឧស្ម័នប្រហែល២០ភាគរយរបស់ពិភពលោកទាំងមូល គឺត្រូវបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយការបិទខ្ទប់ប៉ុន្មានខែមកនេះ បានធ្វើឱ្យតម្លៃប្រេងហក់ឡើងយ៉ាងខ្ពស់ជាសកល៕
រូបថត: KYODO










