ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោក ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា លោក លី សាម៉េត ហៅគ្រូមា បានទទួលមរណភាព កាលពីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដោយសារជំងឺគាំងបេះដូងនៅក្នុងពន្ធនាគារ។
លោក ឈន សាណាត បានបញ្ជាក់ថា «គាត់បានទទួលមរភាពកាលពីវេលាម៉ោងជាង ៦ព្រឹកមិញ ដោយសារជំងឺគាំងបេះដូង ដែលក្រុមគ្រូពេទ្យជួយសង្គ្រាះមិនទាន់»។
បើតាមអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ, គិតត្រឹមវេលាម៉ោងជាង ១២ថ្ងៃត្រង់នេះ សពរបស់លោក លី សាម៉េត ត្រូវបានសមត្ថកិច្ចជំនាញធ្វើកោលសល្យបច្ច័យ មុនប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
សូមរំលឹកថា លោក លី សាម៉េត ហៅគ្រូមា អាយុ៧១ឆ្នាំ ត្រូវបានចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនកាលពីចុងឆ្នាំ២០២៤ ក្រោមការប្រកាន់ពីបទ «ប៉ុនប៉ងក្នុងបទសូកប៉ាន់» ជាមួយសំណុំរឿងលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម និងស្រ្តី២នាក់នៅខេត្តកំពង់ឆ្នាំង ដែលសូកប៉ាន់លុយ៣០ម៉ឺនដុល្លារ ចង់ឲ្យកូនដែលជាមន្រ្តីគយបានប្តូរកន្លែងបម្រើការងារពីខេត្តកំពង់ឆ្នាំង ទៅខេត្តបាត់ដំបង៕
ដោយ៖សិលា










