សារព័ត៌មាន Reuters នាថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ បានផ្សាយថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា តៃវ៉ាន់ទំនងនឹងជាប្រធានបទនៃកិច្ចពិភាក្សារវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅពេលដែលមេដឹកនាំទាំងពីរ ជួបមុខគ្នានាសប្តាហ៍ក្រោយ។
អំឡុងសន្និសីទសារព័ត៌មានខ្លីមួយនៅសេតវិមាន លោក Rubio បាននិយាយថា សហរដ្ឋអាមេរិក មិនត្រូវការហេតុការណ៍អស្ថិរភាពណាមួយ កើតឡើងពាក់ព័ន្ធទៅនឹងតៃវ៉ាន់ឡើយ។ លោក Rubio បានប្រាប់ថា «ខ្ញុំប្រាកដណាស់ថា តៃវ៉ាន់នឹងជាប្រធានបទនៃកិច្ចសន្ទនា ពោលគឺវាតែងតែជាប្រធានបទជានិច្ច។ ខ្ញុំគិតថាប្រទេសទាំងពីរយល់ច្បាស់ថា វាមិនមែនជារឿងល្អទេ ប្រសិនបើមានការបង្កអស្ថិរភាពណាមួយ កើតឡើងនៅផ្នែកនោះនៃពិភពលោក។ យើងមិនត្រូវការហេតុការណ៍អស្ថិរភាព កើតមានឡើងពាក់ព័ន្ធនឹងតៃវ៉ាន់ ឬកន្លែងដទៃទៀតនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិកទេ»។
លោក ត្រាំ គ្រោងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង នៅថ្ងៃទី១៤ និងទី១៥ ខែឧសភា។ ប៉ុន្មានឆ្នាំមកហើយ តៃវ៉ាន់បានប្រឈមមុខសម្ពាធកាន់តែកើនឡើង ទាំងផ្នែកយោធានិងនយោបាយពីសំណាក់ទីក្រុងប៉េកាំង ដែលចាត់ទុកដែនកោះនេះ ជាផ្នែកនៃទឹកដីរបស់ប្រទេសចិន។ ទោះមិនមានទំនាក់ទំនងផ្លូវការក៏ដោយ ទីក្រុងវ៉ាស៉ីនតោន គឺជាខ្នងបង្អែកអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់របស់តៃវ៉ាន់ ដែលជាហេតុនាំឱ្យមានការមិនពេញចិត្តពីទីក្រុងប៉េកាំង៕

រូបថត:CLO









