ភ្នំពេញ៖ បុរសចំណាស់វ័យ៦២ឆ្នាំម្នាក់ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌព្រែកព្នៅធ្វើការឃាត់ខ្លួនភ្លាមៗនៅក្នុងភោជនីយដ្ឋានយីហោ បឹងសុបិន្ត ខណៈដែលបុរសម្នាក់នោះកំពុងធ្វើសកម្មភាពដកកាំភ្លើងខ្លីគំរាមភ្ញៀវ កំពុងផឹកស៊ីនៅក្នុងហាងបង្កការភ្ញាក់ផ្អើល។
ហេតុការណ៍ដែលបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៩ និង៣៥នាទីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុខហាងដែលមានយីហោ បឹងសុបិន្ត តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។
តាមលោកភួង សុភី មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនបុរសរូបនោះ និងដោយមានការសហការណ៍ដ៏ល្អពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានរាយការណ៍ប្រាប់ថា មានបុរសម្នាក់មានសំលៀកបំពាក់ជាយោធា ហើយមានកាន់កាំភ្លើងក្នុងដៃ ធ្វើសកម្មភាពស្រែកឡូឡាជេរប្រម៉ាតអ្នកដទៃ និងស្រែកជេរដល់ថ្នាក់ដឹកនាំ ទើបលោកបញ្ជាដល់កងកម្លាំងអាវុធហត្ថខណ្ឌចេញមកអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ ឈានដល់ការឃាត់ខ្លួនបានភ្លាមដែរ។លោកភួង សុភីបន្តថា ដើម្បីអនុវត្តឲ្យបាននូវភូមិ-សង្កាត់មានសុវត្ថិភាពតាមមូលដ្ឋានលោកបានដាក់ពង្រាយកម្លាំងចេញល្បាតរាល់យប់មិនដែលគិតអំពីការហត់នឿយឡើយ។
លោកបានប្រាប់ទៀតថា បុរសដែលត្រូវចាប់ខ្លួនមានឈ្មោះ រៀម ជឿន( ហៅតា អិត) អាយុ៦២ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិលូ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ វត្ថុតាងដែលចាប់យកបានមាន កាំភ្លើងខ្លីមួយដើមម៉ាក រ៉ូឡូ ពណ៌ស គ្មានគ្រាប់ និងឯកសណ្ឋានយោធាមួយកំប្លេផងដែរ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ កសាងសំណុំរឿង រួមនិងវត្ថុតាងបញ្ជូនខ្លួនទៅការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ ព្រែកជ័យ