ខេត្តបាត់ដំបង៖ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៦និង៣០នាទី នៅចំណុចក្រុមទី០៤ ភូមិព្រះអណ្តូង ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុករុក្ខគិរី បានទទួលបណ្តឹង មានករណីរំលោភសេពសន្ថវៈ មួយកើតឡើង ទៅលើជនរងគ្រោះភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅភូមិព្រះអណ្តូង ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ប្រព្រឹត្តដោយជនសង្ស័យឈ្មោះ ណាន នៅ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅក្នុងភូមិព្រះអណ្តូង ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ត្រូវជាបងថ្លៃ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ: ទៅលើជន រងគ្រោះបានសម្រេចចំនួន ០១លើក ខណៈពេលដែលជនរងគ្រោះកំពុងដាំបាយនៅផ្ទះតែម្នាក់ឯង ។
ក្រោយទទួលបានបណ្ដឹងពីជនរងគ្រោះ កម្លាំងផ្នែនគរបាលយុត្តិធម៌ រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុករុក្ខគិរី ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ៅ សុវណ្ណ អធិការនគរបាលស្រុករុក្ខគិរី បានចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ណាន នៅ ភេទប្រុស អាយុ៤៦ឆ្នាំ នាំមកកាន់អធិការដ្ឋាននគរបាលស្រុករុក្ខគិរីដើម្បីធ្វើការសាកសួរ ។ ក្រោយពីបានសាកសួរជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ: លើជនរងគ្រោះបានសម្រេច ០១លើក ពិតប្រាកដមែន ។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុករុក្ខគិរីកំពុងកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ សុរិយា










