វិមានរដ្ឋសភា៖ លោក ឃួន ដាវិត អគ្គលេខាធិការរង និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងគោលដៅពន្លឿនការធ្វើទំនើបកម្មស្ថាប័នឱ្យស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យាសកល បានដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយ ដើម្បីបង្ហាញពីសមិទ្ធផលថ្មីគឺ «ការផ្លាស់ប្តូរឌីជីថលនៃហេដ្ឋារចនាសម្ព័ន្ធរដ្ឋសភា (Evolve Mobile Solution)» នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦។
របត់ថ្មីនៃហេដ្ឋារចនាសម្ព័ន្ធឌីជីថល នៅក្នុងបទបង្ហាញនាឱកាសនោះ លោក ឃួន ដាវិត បានគូសបញ្ជាក់ថា «Evolve Mobile Solution» មិនមែនគ្រាន់តែជាកម្មវិធីទូរស័ព្ទធម្មតានោះទេ ប៉ុន្តែគឺជាឆ្អឹងខ្នងថ្មីនៃហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលជាផ្នែកមួយនៃគម្រោងយុទ្ធសាស្ត្រ សភាអេឡិចត្រូនិក (E-parliament)។ ដំណោះស្រាយឌីជីថលនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការតភ្ជាប់ការងាររដ្ឋបាល និងបច្ចេកទេសឱ្យកាន់តែមានភាពរហ័ស រស់រវើក និងមានសុវត្ថិភាពខ្ពស់។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា ដែលសបញ្ជាក់ឱ្យឃើញពីកិច្ចសហការអន្តរស្ថាប័នក្នុងការឈានទៅរកការប្រើប្រាស់ប្រព័ន្ធឌីជីថលរួមគ្នា។ លោកអគ្គលេខាធិការរង បានសង្កត់ធ្ងន់ថា ការកែទម្រង់នេះគឺជាការឆ្លើយតបយ៉ាងសកម្មទៅនឹងការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលតែងតែផ្តល់អាទិភាពខ្ពស់លើ៖
• ការធ្វើទំនើបកម្មប្រព័ន្ធសភាអេឡិចត្រូនិក (E-parliament)។
• ការបង្កើនប្រសិទ្ធភាពនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
• ការកសាងសមត្ថភាពមន្ត្រីឱ្យដើរទាន់បច្ចេកវិទ្យាឌីជីថលសកល។
ការដាក់ឱ្យដំណើរការ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ «Evolve Mobile Solution» នេះ ត្រូវបានរំពឹងទុកថានឹងក្លាយជាសន្ទុះថ្មីមួយក្នុងការជំរុញឱ្យការបម្រើសេវាកម្មក្នុងស្ថាប័ននីតិប្បញ្ញត្តិកាន់តែមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការនៃសង្គមឌីជីថលកម្ពុជានាពេលបច្ចុប្បន្ន៕
ដោយ ៖ សិលា










