ភ្នំពេញ៖ លោក កាន់ ផារិទ្ធ រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានជាតិកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានចូលរួមនិងថ្លែងសុន្ទរកថា ក្នុងពិធីសម្ពោធជាផ្លូវការនៃការអនុវត្តគម្រោងស្តីពី «ការលើកកម្ពស់ផលិតភាព និងការចាប់យកបច្ចេកវិទ្យាសម្រាប់សហគ្រាសមីក្រូធុនតូច និងមធ្យម តាមរយៈការគាំទ្រគោលនយោបាយ នៅប្រទេសកម្ពុជា ឡាវ វៀតណាម»។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោក ហែម វណ្ឌឌី រដ្ឋមន្ត្រីឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។
គម្រោងនេះបង្កើតឡើងក្នុងគោលបំណងពង្រឹងការផ្លាស់ប្តូរចំណេះដឹងក្នុងតំបន់ និងលើកតម្កើងការសិក្សាស្វែងយល់ពីគោលនយោបាយនៃបរិវត្តកម្មឌីជីថលសម្រាប់សហគ្រាសមីក្រូ ធុនតូច និងមធ្យម តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ក្នុងចំណោមប្រទេសកម្ពុជា ឡាវ វៀតណាម និងចិន៕

ដោយ៖តារា










