ខេត្តស្វាយរៀង: កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតបានឃាត់ខ្លួនក្មេងទំនើង០៧នាក់ ដែលបានបង្ហោះរូបភាពកាន់កាំបិត ឌឺដងគ្នាបង្ហោះលើបណ្ដាញសង្គម Facebook មកធ្វើការអប់រំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត។
នគរបាលក្រុងបាវិតបានអោយដឹងថា នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ជាអោយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ែម សុវណ្ណរិទ្ធ អធិការនគរបាលក្រុងបាវិត ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនក្រុមក្មេងទំនើង ០៧នាក់ (ប្រុស) ដែលបានបង្ហោះរូបភាពកាន់កាំបិត ឌឺដងគ្នាបង្ហោះលើបណ្ដាញសង្គម Facebook។
ដោយក្មេងទំនើងទាំងអស់នោះសុទ្ធសឹងតែជាអនីតិជន សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ និងអញ្ជេីញអាណាព្យាបាលមកទទួលយកដេីម្បីអប់រំបន្តមិនឲ្យប្រព្រឹត្តអំពើដែលសង្គមស្អប់ខ្ពើមបន្តទៀតនោះទេ ៕
ដោយ៖ សុថាន










