កំណើននៃការនាំចេញរបស់ចិន បានបន្តកើនល្បឿននៅខែមេសា ខណៈរោងចក្រផលិតបានប្រញាប់បំពេញការបញ្ជាទិញជាច្រើន ពិសេសពីឧស្សាហកម្មពាក់ព័ន្ធនឹង AI និងអ្នកទិញផ្សេងៗ ដែលកំពុងស្តុកទុកគ្រឿងបន្លាស់ ដោយបារម្ភថាសង្គ្រាម Iran អាចធ្វើឱ្យថ្លៃដើមផលិតកម្មពិភពលោកកើនឡើងខ្លាំងជាងមុន។
កម្លាំងនៃការនាំចេញនេះ បានធ្វើឱ្យអតិរេកពាណិជ្ជកម្មរបស់ចិនជាមួយ United States កើនដល់ 87.7 ពាន់លានដុល្លារ ចាប់តាំងពីដើមឆ្នាំមក ហើយវានឹងក្លាយជាប្រធានបទសំខាន់នៅសប្ដាហ៍ក្រោយ ខណៈលោក Trump នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំ ដែលរំពឹងថានឹងបន្តកិច្ចព្រមព្រៀងសម្រាកសង្គ្រាមពាណិជ្ជកម្មពីឆ្នាំមុន។
ទោះបីអ្នកនាំចេញចិននៅតែអាចទប់ទល់នឹងផលប៉ះពាល់ពីជម្លោះនៅមជ្ឈិមបូព៌ាបានក៏ដោយ ក្រុមសេដ្ឋកិច្ចវិទូបានព្រមានថា ប្រសិនបើសង្គ្រាមអូសបន្លាយយូរ និងតម្លៃថាមពលបន្តកើន នោះតម្រូវការពីក្រៅប្រទេសអាចនឹងធ្លាក់ចុះ ខណៈការប្រើប្រាស់ក្នុងស្រុកដែលនៅខ្សោយ មិនអាចជួយបំពេញចន្លោះនោះបានទេ។
បច្ចុប្បន្ន អ្នកសេដ្ឋកិច្ចកំពុងតាមដានល្បឿននៃការរីកចម្រើនក្នុងវិស័យផលិតកម្ម AI និងថាតើការនាំចេញឧបករណ៍ពាក់ព័ន្ធអាចបន្តជំរុញម៉ាស៊ីននាំចេញរបស់ចិនបានដែរឬទេ។
លោក Xing Zhaopeng អ្នកយុទ្ធសាស្ត្រជាន់ខ្ពស់របស់ ANZ Bankបាននិយាយថា៖ “ជម្លោះនៅមជ្ឈិមបូព៌ាបានជំរុញតម្រូវការស្តុកទុកផលិតកម្មសកល ហើយជាមួយនឹងវដ្តកើនឡើងនៃឧស្សាហកម្ម semiconductor ការនាំចូល និងនាំចេញនៅតែមានសកម្មភាពខ្លាំង”។
លោកបន្ថែមថា៖ “វដ្តផលិតកម្មដែលជំរុញដោយ AI នៅតែមានឱកាសពង្រីកបន្ថែម ហើយគេរំពឹងថា អត្រាកំណើននាំចេញប្រចាំឆ្នាំអាចស្ថិតនៅប្រហែល 10%”។
ទិន្នន័យគយដែលចេញផ្សាយកាលពីថ្ងៃសៅរ៍បង្ហាញថា ការនាំចេញបានកើនឡើង 14.1% បើធៀបនឹងឆ្នាំមុន គិតជាប្រាក់ដុល្លារអាមេរិក ដែលលើសពីកំណើន 2.5% នៅខែមីនា និងខ្ពស់ជាងការព្យាករណ៍របស់អ្នកសេដ្ឋកិច្ចដែលរំពឹងត្រឹម 7.9%។
ទិន្នន័យសកម្មភាពរោងចក្រសម្រាប់ខែមេសា ក៏បានបង្ហាញថា ការបញ្ជាទិញនាំចេញថ្មីបានកើនដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល 2 ឆ្នាំ។
ចំណែកការនាំចូលក៏នៅតែខ្លាំងដែរ ដោយកើនឡើង 25.3% បន្ទាប់ពីកើន 27.8% នៅខែមីនា ខណៈអ្នកសេដ្ឋកិច្ចបានព្យាករណ៍ត្រឹម 15.2% ប៉ុណ្ណោះ។
អតិរេកពាណិជ្ជកម្មរបស់ចិនកាលពីខែមុន បានកើនដល់ 84.8 ពាន់លានដុល្លារ ពី 51.13 ពាន់លានដុល្លារនៅខែមីនា។
សេដ្ឋកិច្ចចិនទូទៅក៏មានសន្ទុះល្អនៅត្រីមាសទីមួយ ដោយ GDP កើនឡើង 5% បើធៀបនឹងឆ្នាំមុន ដែលស្ថិតនៅកំពូលនៃគោលដៅប្រចាំឆ្នាំរបស់រដ្ឋាភិបាល និងកាត់បន្ថយសម្ពាធក្នុងការចេញវិធានការជំរុញសេដ្ឋកិច្ចភ្លាមៗ។
ប៉ុន្តែ សូម្បីតែចិន ដែលតែងតែត្រូវបានដៃគូពាណិជ្ជកម្មរិះគន់ថា គាំទ្រការផលិតតម្លៃទាបតាមរយៈជំនួយរដ្ឋ ក៏មិនអាចគេចផុតពីផលប៉ះពាល់នៃការធ្លាក់ចុះអំណាចទិញរបស់អតិថិជន ដោយសារតម្លៃប្រេងឥន្ធនៈ និងការដឹកជញ្ជូនកើនឡើងបានដែរ។
ទិន្នន័យរោងចក្រដែលចេញផ្សាយកាលពីខែមុនបង្ហាញថា តម្លៃវត្ថុធាតុដើមនៅតែខ្ពស់ ជាពិសេសទំនិញចម្រាញ់ ប្រេងឥន្ធនៈ ធ្យូងថ្ម និងសារធាតុគីមី។
អត្រាអត់ការងារធ្វើក៏បានកើនឡើងបន្តិច ខណៈការលក់រាយ ដែលជាសូចនាករនៃការប្រើប្រាស់ក្នុងស្រុក នៅតែដើរយឺតជាងផលិតកម្មឧស្សាហកម្ម។
តើមានអ្វីសំខាន់ក្នុងជំនួប Trump-Xi?
លោក Donald Trump គ្រោងជួបជាមួយប្រធានាធិបតីចិន Xi Jinping អំឡុងដំណើរទស្សនកិច្ចថ្ងៃទី 14-15 ខែឧសភា នៅប៉េកាំង ខណៈប្រទេសទាំងពីរព្យាយាមស្ថិរភាពទំនាក់ទំនង ដែលរងសម្ពាធពីភាពតានតឹងពាណិជ្ជកម្ម បញ្ហា តៃវ៉ាន់ និងសង្គ្រាមអ៊ីរ៉ង់។
លោក Trump ត្រូវបានគេរំពឹងថា នឹងស្វែងរកការបន្ធូរបន្ថយពាណិជ្ជកម្មពីទីក្រុងប៉េកាំង មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិកខែវិច្ឆិកា ប៉ុន្តែអ្នកវិភាគ និងអ្នកដឹកនាំក្រុមហ៊ុនមិនរំពឹងថា នឹងមានការរីកចម្រើនធំៗនោះទេ។
ប្រឈមមុខនឹងពន្ធគយអាមេរិកដែលធ្លាប់កើនដល់កម្រិតខ្ពស់ខ្លាំង អ្នកនាំចេញចិនកាលពីឆ្នាំមុនបានស្វែងរកទីផ្សារថ្មីៗ ដូចជា អាមេរិកខាងត្បូង ដោយផ្តល់តម្លៃទាបជាងមុន។ ចិនបានបញ្ចប់ឆ្នាំ 2025 ជាមួយអតិរេកពាណិជ្ជកម្មកំណត់ត្រា 1.2 ៕










