ខេត្តក្រចេះ៖ អធិការដ្ឋាននគរបាលស្រុកស្នួលនៅល្ងាចថ្ងៃទី១១ ខែឧសភាឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធករណីក្រុមក្មេងទំនើង១ក្រុម មានគ្នា ៦នាក់ ជិះម៉ូតូ៣គ្រឿង ធ្វើសកម្មភាពប្រើកាំបិតផ្គាក់កាប់ទៅលើម៉ូតូពលរដ្ឋមួយគ្រឿង បណ្ដាលឲ្យរងការ ខូចខាតយ៉ាងដំណំ នៅក្នុងភូមិសាស្ត្រស្រុកស្នួល ខេត្តក្រចេះ។
ប្រភពព័ត៌មានបានឲ្យដឹងថា ករណីនេះត្រូវបានបង្ហោះតាមគណនីហ្វេសប៊ុកផេកឈ្មោះ “POV SHOP” ភ្ជាប់ជាមួយវីដេអូសកម្មភាព និងសរសេររៀបរាប់ថា៖ «សាហាវណាស់លោកអើយ ក្មេងៗឥឡូវ ស្រុកស្នួល ខេត្តក្រចេះ» ដែលបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងរិះគន់យ៉ាងខ្លាំងលើទង្វើហិង្សារបស់ក្រុមក្មេងទំនើងទាំងនេះ។
ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្នួល បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ ដែលមានទីលំនៅនៅភូមិស្នួលកើត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងម៉ូតូ១គ្រឿង ម៉ាកសាទ្រីម ពណ៌ខ្មៅលាយខៀវ គ្មានផ្លាកលេខ ផងដែរ។ ចំណែកបក្ខពួកចំនួន៥នាក់ទៀត ដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមស្វែងរក ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ជាមួយគ្នានេះ អធិការដ្ឋាននគរបាលស្រុកស្នួល ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលបានចូលរួមផ្តល់ព័ត៌មាន ជួយដល់ការបង្ក្រាបបទល្មើស និងរក្សាសន្តិសុខសង្គម៕
ដោយ៖ សុរិយា










