សារព័ត៌មាន Reuters បានផ្សាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងមនុស្ស៣ និងក្រុមហ៊ុនចំនួន៩ ក្នុងនោះរួមមានក្រុមហ៊ុនចំនួន៤មានមូលដ្ឋានក្នុងទីក្រុងហុងកុង ៤ទៀតមានមូលដ្ឋានក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម និងក្រុមហ៊ុនមួយផ្សេងទៀតមានមូលដ្ឋានទៅប្រទេសអូម៉ង់ សម្រាប់ការជួយដល់ការដឹកប្រេងរបស់អ៉ីរ៉ង់ទៅកាន់ ចិន។
ការប្រកាសដាក់ទណ្ឌកម្មថ្មីខាងលើដោយក្រសួងហិរញ្ញវត្ថុអាមេរិក ធ្វើឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសុក្រសប្ដាហ៍មុនបានប្រកាសដាក់ទណ្ឌកម្មលើបុគ្គលជាច្រើននាក់ និងក្រុមហ៊ុនមួយចំនួនដែលត្រូវបានចោទប្រកាន់ថាបានជួយដល់អ៉ីរ៉ង់ការទិញអាវុធ និងគ្រឿងបន្លាស់ដែលត្រូវបានប្រើប្រាស់ក្នុងការផលិតដ្រូន និងមីស៊ីលបាលិស្ទីគ។
លើសពីនេះទៅទៀត ការដាក់ទណ្ឌកម្មថ្មីនេះដែរធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ដើម្បីជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជាទីដែលលោក ត្រាំ ត្រូវបានរំពឹងថានឹងដាក់ស្នើឱ្យមេដឹកនាំចិនជួយដោះស្រាយភាពជាប់គាំង ក្នុងកិច្ចចរចាសន្តិភាពជាមួយអ៉ីរ៉ង់ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ។
អមជាមួយការប្រកាសដាក់ទណ្ឌកម្មខាងលើ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បាននិយាយថារដ្ឋបាលលោក ត្រាំ នឹងបន្តបង្កើន ការដាក់សម្ពាធលើទីក្រុងតេហេរ៉ង់ ដើម្បីកាត់ផ្ដាច់ចំណូលរបស់អ៉ីរ៉ង់ កុំឱ្យយកទៅផ្គត់ផ្គង់ការផលិតអាវុធ កម្មវិធីនុយក្លេអ៊ែរ និងគាំទ្រដល់ក្រុម proxy នៅក្នុងតំបន់៕

រូបថត:PLO









