តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃពុធនេះ បន្ទាប់ពីការកើនឡើងក្នុងរយៈពេលបីវគ្គជាប់ៗគ្នា ខណៈដែលអ្នកវិនិយោគកំពុងរង់ចាំការវិវឌ្ឍន៍ជុំវិញបទឈប់បាញ់ដ៏ផុយស្រួយក្នុងសង្រ្គាមអ៊ីរ៉ង់ ហើយប្រធានាធិបតីអាមេរិក Donald Trump បានធ្វើដំណើរទៅកាន់ប្រទេសចិនសម្រាប់កិច្ចប្រជុំកំពូលជាមួយប្រធានាធិបតី Xi Jinping ។
ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ 82 សេន ឬ 0.76% មកនៅត្រឹម 106.95 ដុល្លារក្នុងមួយបារ៉ែល នៅម៉ោង 0051 GMT ខណៈប្រេងឆៅអាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ 66 សេន ឬ 0.65% មកនៅ 101.52 ដុល្លារក្នុងមួយបារ៉ែល។
តម្លៃប្រេងទាំងពីរប្រភេទនេះ ភាគច្រើនបានស្ថិតនៅជុំវិញ ឬលើស 100 ដុល្លារក្នុងមួយបារ៉ែល ចាប់តាំងពី សហរដ្ឋអាមេរិក និង អ៊ីស្រាអែល បានចាប់ផ្តើមវាយប្រហារលើអ៊ីរ៉ង់នៅចុងខែកុម្ភៈ ហើយទីក្រុង Tehran បានបិទច្រកសមុទ្រ Hormuz ប្រកបដោយប្រសិទ្ធភាព។
តម្លៃប្រេងបានកើនឡើងជាង 3% កាលពីថ្ងៃអង្គារ ដោយបន្តសន្ទុះកើនឡើងពីមុន ខណៈក្តីសង្ឃឹមចំពោះបទឈប់បាញ់យូរអង្វែងរវាងអាមេរិក និងអ៊ីរ៉ង់បានថយចុះ ដែលធ្វើឱ្យឱកាសបើកឡើងវិញនៃច្រកសមុទ្រ Hormuz កាន់តែស្រអាប់។ ច្រកសមុទ្រនេះ ជាផ្លូវដឹកជញ្ជូនប្រហែល 1 ភាគ 5 នៃប្រេង និងឧស្ម័ន LNG ពិភពលោក។
លោក Trump បាននិយាយកាលពីថ្ងៃអង្គារថាលោកមិនគិតថាលោកនឹងត្រូវការជំនួយពីប្រទេសចិនដើម្បីបញ្ចប់សង្រ្គាមជាមួយអ៊ីរ៉ង់នោះទេ សូម្បីតែក្តីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងបានធ្លាក់ចុះ ហើយទីក្រុងតេអេរ៉ង់បានរឹតបន្តឹងការក្តាប់របស់ខ្លួននៅលើច្រកសមុទ្រ។
ប្រទេសចិនគឺជាអ្នកទិញប្រេងដ៏ធំបំផុតរបស់អ៊ីរ៉ង់ បើទោះបីជាមានសម្ពាធពីរដ្ឋបាល Trump ក៏ដោយ។ លោក Trump ជួបជាមួយសមភាគីចិន លោក Xi នៅទីក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។
ក្រុមហ៊ុនវិភាគហានិភ័យនយោបាយ Eurasia Group បាននិយាយក្នុងរបាយការណ៍មួយថា៖ “រយៈពេលនៃការរំខាន និងទំហំការខាតបង់ផ្គត់ផ្គង់ ដែលឥឡូវលើសពី 1 ពាន់លានបារ៉ែលហើយ នឹងធ្វើឱ្យតម្លៃប្រេងអាចនៅលើស 80 ដុល្លារក្នុងមួយបារ៉ែល សម្រាប់ពេលនៅសល់នៃឆ្នាំនេះ”។
សង្គ្រាមជាមួយអ៊ីរ៉ង់ក៏បានចាប់ផ្តើមប៉ះពាល់ដល់សេដ្ឋកិច្ច សហរដ្ឋអាមេរិក ដែលជាសេដ្ឋកិច្ចធំបំផុតលើពិភពលោកផងដែរ ដោយសារតម្លៃប្រេងខ្ពស់ធ្វើឱ្យថ្លៃប្រេងឥន្ធនៈកើនឡើង ហើយអ្នកសេដ្ឋកិច្ចរំពឹងថា ផលប៉ះពាល់បន្តបន្ទាប់នឹងលេចឡើងនៅប៉ុន្មានខែខាងមុខ។
នៅខែមេសា តម្លៃទំនិញប្រើប្រាស់នៅអាមេរិកបានកើនឡើងខ្លាំងសម្រាប់ខែទី 2 ជាប់គ្នា ដែលបណ្ដាលឱ្យអត្រាអតិផរណាប្រចាំឆ្នាំកើនឡើងខ្ពស់បំផុតក្នុងរយៈពេលជិត 3 ឆ្នាំ និងធ្វើឱ្យទីផ្សាររំពឹងថា Federal Reserve នឹងរក្សាអត្រាការប្រាក់នៅកម្រិតខ្ពស់បន្តទៀត។
ក្រុមហ៊ុនស្រាវជ្រាវ Capital Economicsបាននិយាយថា៖
“ការកើនឡើងយ៉ាងខ្លាំងនៃអតិផរណាក្នុងប្រទេសអភិវឌ្ឍន៍ មិនទាន់ធ្វើឱ្យការចំណាយពិតប្រាកដធ្លាក់ចុះខ្លាំងនៅឡើយទេ ប៉ុន្តែការធ្លាក់ចុះទូលំទូលាយនៃទំនុកចិត្តអ្នកប្រើប្រាស់ និងផែនការជួលបុគ្គលិក បង្ហាញថា ស្ថានភាពអាក្រក់អាចនឹងមកដល់”។
អត្រាការប្រាក់ខ្ពស់ធ្វើឱ្យការខ្ចីប្រាក់កាន់តែថ្លៃ ដែលអាចប៉ះពាល់ដល់តម្រូវការប្រេង។
ខណៈសង្គ្រាមអ៊ីរ៉ង់នៅតែបន្ត ស្តុកប្រេងឆៅអាមេរិកបានធ្លាក់ចុះសប្ដាហ៍ទី 4 ជាប់គ្នាកាលពីសប្ដាហ៍មុន ហើយស្តុកប្រេងចម្រាញ់ក៏បានធ្លាក់ចុះផងដែរ នេះបើយោងតាមប្រភពទីផ្សារដែលដកស្រង់ទិន្នន័យពី American Petroleum Institute៕










