ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តប្រចាំខែឧសភា ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ លោក-លោកស្រីវរសេនីយ៍ស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យទាំង៣០ លោកប្រធានអង្គភាពទាំងពីរ លោកមេបញ្ជាការ និងនាយផ្នែកសេនាធិការ នៃវរៈការពារព្រំដែនគោកលេខ ៦០៧ លោកអធិការ អធិការរងសេនាធិការ និងនាយផ្នែកសេនាធិការ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍ការពារព្រំដែនគោកទាំង០៧ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ ។
ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានធ្វើការក្រើនរំលឹកដាស់តឿនដល់មន្ត្រីនគរបាលទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ពន្លឿនប្រសិទ្ធភាពការងារក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានរហ័សនិងទាន់ពេលវេលា។ ជាពិសេសអនុវត្តឲ្យបាន១០០%នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាលុបបំបាត់ឱ្យអស់នៅបញ្ហាក្មេងទំនើង បង្ការទប់ស្កាត់បង្ក្រាបបញ្ហាគ្រឿងញៀន ប្រជុំធ្វើវេទិកាផ្សព្វផ្សាយអប់រំ និងវេទិកាសាធារណៈ ក្ដាប់និងកំណត់រាល់មុខសញ្ញាឲ្យបានច្បាស់លាស់នៅក្នុងមូលដ្ឋាន ជៀសវាងក្រុមទាំងនេះបង្កបាតុភាពផ្សេងៗដែលកើតឡើងជាយថាហេតុ ។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានធ្វើការបែងចែកម៉ូតូល្បាតដែលអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្ដល់ជូនតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុក ព្រមទាំងប៉ុស្តិ៍វរការពារព្រំដែនគោក និងប៉ុស្តិ៍នគរបាលរដ្ឋបាលផងដែរ។
ពិធីនេះធ្វើឡើងនៅសាលប្រជុំធំ ទទួលបារាយណ៍អណ្ដែត ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ៕
ដោយ ៖ សិលា













