ខេត្តកណ្ដាល÷ អតីតទណ្ឌិតម្នាក់ដែលទើបចេញពីពន្ធនាគារបានកាន់ញញួរដែកឡើងទៅវាយទ្វារបន្ទប់អ្នកជិតខាង និងស្រែកគំរាមសម្លាប់ដល់ក្នុងផ្ទះ ដោយ សារតែគំនុំចាស់ដែលជនរងគ្រោះធ្លាប់ប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនកាលពីពេលមុន។ អំពើហិង្សា និងការគំរាម កំហែងនេះបានកើតឡើងកាលពីម៉ោង២០និង២០នាទី យប់ ថ្ងៃទី១២ ឧសភា ២០២៦ ស្ថិតនៅក្នុងភូមិចម្ការតាង៉ែត ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ មៀច មន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរសន្តិសុខរោងចក្រ គ្មានផ្ទុកសារធាតុញៀនក្នុងទឹកនោម និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយៈពេល៣០ខែពីបទផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានដកហូតវត្ថុតាងញញួរផ្លែដែកដងជ័រប្រវែងប្រហែល៣០សង់ទីម៉ែត្រចំនួន១។ ចំណែកជនរង គ្រោះមានឈ្មោះ មៀច សានី ភេទស្រី អាយុ២៩ឆ្នាំ មុខ របរកសិករ។ អ្នកទាំងពីរមានទីលំនៅភូមិចម្ការតាង៉ែត ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង។
សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុខណៈជនរង គ្រោះកំពុងសម្រាកជាមួយកូនស្រីនៅក្នុងបន្ទប់ ស្រាប់ តែឮសំឡេងជនសង្ស័យដែលទើបតែមកពីផឹកស្រាបានស្រែកជេរឡូឡា។ ភ្លាមៗនោះ ជនសង្ស័យបានឡើងមកលើផ្ទះជនរងគ្រោះ រួចយកញញួរវាយទ្វារបន្ទប់គេងបណ្ដាលឲ្យបែកធ្លុះទ្វារឈើអស់១សន្លឹក និងបានស្រែកគំរាមថា «អញសម្លាប់ហ្ហែងឲ្យងាប់ សម្លាប់ថ្ងៃហ្នឹងអត់បាន ថ្ងៃស្អែកក៏អញនៅតាមសម្លាប់ដែរ»។ ពេលនោះបងស្រីបង្កើតរបស់ជនរងគ្រោះឈ្មោះ មៀច ស្រីសំ ដែលមានផ្ទះជាប់គ្នាបានឡើងមកដេញជន សង្ស័យឲ្យចុះទៅក្រោមផ្ទះវិញ ទើបជនរងគ្រោះរាយការណ៍ប្រាប់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលាំងកែនឲ្យចុះមកជួយអន្តរាគមន៍។
ប្រភពដដែលបានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ និងឃាត់ ខ្លួនជនសង្ស័យតែម្ដង។ នៅចំពោះមុខសមត្ថកិច្ច ជន សង្ស័យបានសារភាពថា ខ្លួនពិតជាបានយកញញួរវាយទ្វារបន្ទប់របស់ជនរងគ្រោះប្រាកដមែន ដោយសារតែខឹងជនរងគ្រោះធ្លាប់រាយការណ៍ឲ្យសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគាររយៈពេល៣០ខែកន្លងមក។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ដោយ៖ សុរិយា










