គូស្នេហ៍ត្រៀមភ្ជាប់ពាក្យ១គូលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ខណៈមកលេងផ្ទះខាងស្រី

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង÷ ហេតុការណ៍ដ៏រន្ធត់និងគួរឱ្យសង្វេគមួយបានកើតឡើងកាលពីវេលាម៉ោង ៣:៣០ នាទី រសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីគូស្នេហ៍មួយគូដែលត្រៀមនឹងភ្ជាប់ពាក្យជាមួយគ្នាបានលង់ទឹកស្លាប់ទាំង២នាក់ នៅចំណុចទំនប់បឹងធំ ស្ថិតក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

​ជនរងគ្រោះខាងស្រីមានឈ្មោះ អ៊ុយ លីហៀង អាយុ២៥ឆ្នាំ រស់នៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ចំណែកជនរងគ្រោះខាងប្រុសមានឈ្មោះ ហួរ មានទីលំនៅរាជធានីភ្នំពេញ។

បើតាមប្រភពពីក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថា អ្នកទាំងពីរធ្វើការនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបានស្រឡាញ់គ្នារហូតឈានដល់ការនាំមកជួបចាស់ទុំដើម្បីរៀបចំពិធីភ្ជាប់ពាក្យនាពេលឆាប់ៗខាងមុខ។

​យោងតាមសម្តីយុវជនឈ្មោះ អ៊ុយ លីឆ័ន្ត អាយុ១៥ឆ្នាំ ដែលត្រូវជាប្អូនប្រុសជនរងគ្រោះ និងស្ថិតក្នុងហេតុការណ៍នោះបានរៀបរាប់ថា នៅថ្ងៃកើតហេតុ បងស្រីនិងអនាគតបងថ្លៃ ព្រមទាំងរូបគេបាននាំគ្នាមកស្ទូចត្រីនៅទំនប់បឹងធំ។

ក្នុងអំឡុងពេលនោះ បងស្រីបានចុះងូតទឹកលេង ប៉ុន្តែក៏រអិលជើងធ្លាក់ចូលរណ្តៅជ្រៅ ភ្លាមៗនោះឈ្មោះ ហួរ ខាងប្រុសបានស្ទុះទៅជួយ ប៉ុន្តែជាអកុសលក៏បានលិចបាត់និងស្លាប់បាត់បង់ជីវិតទាំង២នាក់តែម្តង។

​ក្រោយទទួលបានព័ត៌មាននេះ សមត្ថកិច្ចបានចុះអន្តរាគមន៍និងប្រើពេលរុករកអស់រយៈពេលជាង២ម៉ោង ទើបរកឃើញសពជនរងគ្រោះទាំង២ នាក់នៅក្បែរគ្នា។ បើតាមការពិនិត្យជុំវិញកន្លែងកើតហេតុ សមត្ថកិច្ចបានបញ្ជាក់ថា ចំណុចនោះជារណ្តៅដែលគេជីកយកដីមានជម្រៅជ្រៅដែលបង្កជាគ្រោះ ថ្នាក់។

​បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យ និងប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណីទាំងក្ដីក្តុកក្តួលបំផុត៕ ដោយចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print