ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ លោក ឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចការងារនៅ ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមជាសហប្រធានក្នុងកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលអនុវត្តកិច្ច សហប្រតិបត្តិការឆ្នាំ២០២៥ និងចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការឆ្នាំ២០២៦ រវាង ក្រសួងទាំងពីរ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ។
លោកអភិសន្តិបណ្ឌិត ស សុខា បានសម្តែងការអបអរសាទរចំពោះ លោក ឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី ដែលត្រូវបានមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី១២ និងកិច្ចប្រជុំវិសាមញ្ញ សភាជាតិ នីតិកាលទី១ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតតែងតាំងជា រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ សម្រាប់អាណត្តិថ្មី ។ ឯកឧត្តមអភិសន្តិបណ្ឌិត ជឿជាក់ថា ក្នុង តួនាទីដ៏ឧត្តុង្គឧត្តមនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី នឹងបន្តពង្រឹង និងពង្រីកទំនាក់ទនង និងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរកាន់តែខ្លាំងក្លាថែមទៀត ផ្អែកលើមូលដ្ឋាននៃទំនាក់ទំនង ដ៏ល្អរយៈពេលជាច្រើនទសវត្សរ៍កន្លងមករវាងថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ។
ភាគីទាំងពីរ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង និងអបអរសាទរចំពោះទំនាក់ទំនង និង មិត្តភាពដ៏ជិតស្និទ្ធរវាងប្រមុខដឹកនាំកំពូលនៃប្រទេសទាំងពីរ ដែលជានិច្ចកាលតែងតែជួបប្រាស្រ័យ និង ផ្តល់នូវគោលការណ៍ ព្រមទាំងទិសដៅច្បាស់លាស់ក្នុងទំនាក់ទំនងរវាងភាគីទាំងពីរ តាមរយៈការពូនជ្រុំ ចំណងមិត្តភាព និងសាមគ្គីភាព ព្រមទាំងការបង្កើនជំនឿទុកចិត្តទៅវិញទៅមកផ្នែកនយោបាយ ក្នុងនាម ជាបងប្អូន និងអ្នកជិតខាងល្អ ដែលជាគ្រឹះយ៉ាងរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ។
ជាមួយគ្នានេះ ភាគីទាំងពីរបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងសមត្ថកិច្ច និងអាជ្ញាធរខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅតាមតំបន់ ព្រំដែន ដោយបានសហការបង្ការ និងទប់ស្កាត់បានទាន់ពេលវេលារាល់បាតុភាពអសកម្មនានា ព្រមទាំង ខិតខំផ្តល់កិច្ចសម្របសម្រួលដល់ពលរដ្ឋនៃប្រទេសទាំងពីរ ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម សេដ្ឋកិច្ច និង ទេសចរណ៍ ឆ្លងកាត់ព្រំដែនដោយរលូន និងរបៀបរៀបរយ ។
ឆ្លៀតក្នុងឱកាសនេះ លោកអភិសន្តិបណ្ឌិត ក៏បានចែករំលែកទស្សនៈអំពីស្ថានភាពសន្តិសុខ ទូទៅដែលកំពុងមានការវិវត្តយ៉ាងស្មុគស្មាញ ទាំងក្នុងតំបន់ និងលើសកលលោក ដោយបានគូសបញ្ជាក់ នូវបញ្ហាប្រឈមចម្បងៗមួយចំនួន ជាពិសេសបញ្ហាពាក់ព័ន្ធនឹងជម្លោះនៅតំបន់មជ្ឈិមបូព៌ា ដែលបាន ជះឥទ្ធិពលដល់សន្តិសុខ នយោបាយ និងសេដ្ឋកិច្ចសកល ។ បន្ថែមពីនេះ លោកអភិសន្តិបណ្ឌិត ស សុខា និង លោក ឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី ក៏បានពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និង វាយតម្លៃខ្ពស់ចំពោះឆន្ទៈ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការ ប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាអាទិ៍ បទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស បទល្មើស ជួញដូរអាវុធ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ព្រមទាំងបាន ឯកភាពធ្វើការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ទៅវិញទៅមក ពាក់ព័ន្ធនឹងបទល្មើសទាំងនេះ ដើម្បី រួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបប្រកបដោយប្រសិទ្ធភាព។
បន្ថែមលើនេះ លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានជម្រាបជូននូវបច្ចុប្បន្នភាពអំពីស្ថានភាព នៃផលប៉ះពាល់ ដែលបង្កឡើងដោយសង្គ្រាមឈ្លានពានមកលើអធិបតេយ្យជាតិកម្ពុជានាពេលកន្លងមក ដែលបានបង្កឱ្យបាត់អាយុជីវិត និងខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈជាច្រើន ហើយរហូត មកដល់ពេលនេះ ប្រជាពលរដ្ឋខ្មែរចំនួនប្រមាណបីម៉ឺននាក់ទៀត ពុំទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋាន វិញនៅឡើយ ព្រមទាំងបានជម្រាបជូនអំពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយ បញ្ហាព្រំដែន និងការបដិសេធមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែនដោយការប្រើប្រាស់ កម្លាំងយោធានោះឡើយ ។
លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានធ្វើការថ្លែងអំណរគុណដល់រដ្ឋាភិបាលឡាវ ដែលបាន ចាត់បញ្ជូនមន្ត្រីសង្កេតការណ៍មកចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន តាមដានស្ថានភាព ជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។
ក្នុងក្របខណ្ឌនៃការបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរឱ្យកាន់ តែខ្លាំងក្លាថែមទៀត ស្របតាមបរិបទនៃការវិវត្តនូវស្ថានភាពសន្តិសុខ និងសេដ្ឋកិច្ចសង្គម លោក អភិសន្តិបណ្ឌិត ស សុខា និង លោក ឧត្តមសេនីយ៍ឯក វ៉ានថង កងម៉ានី បានចុះហត្ថលេខាលើ កំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៦ ដោយផ្តោតលើទិសដៅសំខាន់ៗមួយចំនួន រួមមាន៖
១- បន្តលើកកម្ពស់កិច្ចសហការរវាងអាជ្ញាធរខេត្តជាប់ព្រំដែន និងកងកម្លាំងអនុវត្តច្បាប់ ក្នុងការ ផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងចាត់ វិធានការទាន់ពេលវេលា ក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ជាពិសេស បទល្មើសគ្រឿងញៀន ការឆ្លងដែនខុសច្បាប់ និងបទល្មើសបច្ចេកវិទ្យា ព្រមទាំងជួយបង្ក លក្ខណៈងាយស្រួលដល់ការចេញ-ចូលស្របច្បាប់របស់ពលរដ្ឋសម្រាប់ធុរកិច្ច និងទេសចរណ៍ ។
២- បន្តសហការជំរុញអនុវត្តការសាងសង់ហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន ស្របតាមគោល-ការណ៍របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងច្រកទ្វារ ព្រំដែនអន្តរជាតិ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ស្របតាមស្ថានភាពរីកចម្រើននៃប្រជាសាស្ត្រ និងសេដ្ឋកិច្ចសង្គម ។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះដែរ លោក ឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី និង គណៈប្រតិភូជាន់ខ្ពស់ក៏បានទទួលការអនុញ្ញាតអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ៕
ដោយ ៖ សិលា










