ទីក្រុងប៉េកាំង៖ នាថ្ងៃសុក្រទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ នៅក្នុងថ្ងៃបញ្ចប់នៃដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ត្រូវបានទទួលស្វាគមន៍យ៉ាងពិសេសតាមរយៈការនាំដើរទស្សនានៅក្នុងតំបន់ ជុងណានហៃ (Zhongnanhai) ដែលជាមជ្ឈមណ្ឌលអំណាចកណ្តាល និងជាកន្លែងស្នាក់នៅរបស់ថ្នាក់ដឹកនាំកំពូលចិន ប្រកបដោយការរឹតបន្តឹងសន្តិសុខបំផុត។ ជំនួបលើកនេះត្រូវបានគេមើលឃើញថា មានលក្ខណៈឯកជន និងភាពស្និទ្ធស្នាលជាងលើកមុនៗ ដែលអនុញ្ញាតឱ្យមេដឹកនាំនៃមហាអំណាចទាំងពីរមានឱកាសពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ។ នេះបើតាមការចេញផ្សាយរបស់កាសែតCNA។
គួររំលឹកថា ក្នុងកិច្ចប្រជុំសំខាន់នៅប៉េកាំងកាលពីថ្ងៃ១៤ឧសភា លោកត្រាំនិងលោក ស៊ី ជិនពីង បានជជែកគ្នាយ៉ាងលម្អិតអំពីវិបត្តិនៅក្នុងប្រទេសអ៊ីរ៉ង់។ លោកត្រាំបានគូសបញ្ជាក់ថា ទាំងសហរដ្ឋអាម៉េរិក និងចិន សុទ្ធតែមិនចង់ឃើញប្រទេសអ៊ីរ៉ង់មានលទ្ធភាពគ្របដណ្តប់ ឬអភិវឌ្ឍអាវុធនុយក្លេអ៊ែរឡើយ។
នាឱកាសនោះ មេដឹកនាំទាំងពីរ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃ ការបើកចំហច្រកសមុទ្រអន្តរជាតិ ដើម្បីធានាឱ្យបាននូវស្ថេរភាពពាណិជ្ជកម្ម និងសន្តិសុខថាមពលសកល។ទោះជាយ៉ាងណា លោកស៊ីបានប្រាប់លោកត្រាំថា បញ្ហាតៃវ៉ាន់ជាបន្ទាត់ក្រហមបន្ទាត់ក្រហមរបស់ចិន និងមិនអាចរំលោភបានឡើយ បើមិនដូច្នោះប្រទេសទាំងពីរនឹងធ្លាក់ចូលចំណុចគ្រោះថ្នាក់។
សូមជម្រាបជូនថា មជ្ឈមណ្ឌលជុងណានហៃ ដែលត្រូវបានហ៊ុមព័ទ្ធដោយកំពែងខ្ពស់ មានសោភ័ណភាពយ៉ាងប្រណីតដោយសួនច្បារបុរាណ ផ្លូវដើរក្រវិចក្រវៀន វាលស្មៅដែលកាត់តម្រឹមយ៉ាងមានរបៀប និងដើមឈើលម្អដែលត្រូវបានថែទាំយ៉ាងផ្ចិតផ្ចង់បំផុត។ នៅក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នេះ មេដឹកនាំទាំងពីរត្រូវបានរំពឹងថា នឹងទទួលទានអាហារថ្ងៃត្រង់រួមគ្នាក្នុងជំនួបបិទទ្វារ ដើម្បីបន្តជជែកលើបញ្ហាយុទ្ធសាស្ត្រសំខាន់ៗ។
ការជ្រើសរើសយកវិមានជុងណានហៃ ជាទីតាំងបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ត្រាំ ក្នុងប្រទេសចិន ជាកាយវិការការទូតដ៏មានអត្ថន័យរបស់ទីក្រុងប៉េកាំង ក្នុងការបង្ហាញពីភាពជាដៃគូដ៏សំខាន់ និងជាកន្លែងសមរម្យសម្រាប់ការជជែកពិភាក្សាស៊ីជម្រៅរវាងអ្នកទាំងពីរ៕ដោយ៖តារា










