កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន​ ចុះបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ឃាត់ខ្លួនជនជាតិវៀតណាម៦នាក់ និងខ្មែរម្នាក់ រឹបអូសបានថ្នាំញៀនមួយចំនួនធំ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន នៅ៨គោលដៅផ្សេងគ្នា ក្នុងរាជធានីខេត្តចំនួន៣ ដោយឃាត់ខ្លួនជនសង្ស័យ៧នាក់ រឹបអូសបានថ្នាំញៀនមួយចំនួនធំ។

ក្នុងប្រតិបត្ដិការនេះអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ចំពោះ​ប្រតិបត្តិការនេះដែរ​ ធ្វើឡើងពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ដោយកម្លាំងជំនាញ (ក១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តស្វាយរៀង ដឹកនាំសម្របសម្រួលដោយលោក ឈារី ម៉ារ៉ូ ព្រះរាជអាជ្ញារង បាននៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ធ្វើការបង្ក្រាបករណី ដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែនចំនួន ០៨ គោលដៅផ្សេងៗគ្នា ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៧នាក់ (ស្រី១នាក់) ក្នុងនោះមានជនជាតិខ្មែរ ០១នាក់ និងជនជាតិវៀតណាម ០៦នាក់ (ស្រី១នាក់)។

ចំពោះវត្ថុតាងចាប់យករួមមាន៖ សារធាតុញៀនមួយចំនួនធំ, អាវុធខ្លី ០១ដើម, រថយន្តចំនួន ០៤គ្រឿង, ឃាត់ទុកគណនីធនាគារ ចំនួន ១៨គណនី និងសម្ភារៈផ្សេងៗមួយចំនួនធំ។

សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពបំផុត ដូច្នេះហើយទើបនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យ មន្ទីរប្រឆាំងគ្រឿងញៀនប្រើកណ្តាប់ដៃដែក ដើម្បីបង្ក្រាបគ្រឿងញៀន។

...

ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ បានប្តេជ្ញាចិត្ត និងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ធ្វើយ៉ាងណាបង្ក្រាបឱ្យដល់ឫសគល់នៃបទល្មើស៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print