តុលាការ​ខេត្តកំពង់ឆ្នាំង​ សម្រេចដោះលែងបុរសម្នាក់ ដែលប្រើសិទ្ធិការពារខ្លួនកាប់គូទំនាស់ស្លាប់ ដែលចូលទៅកាប់ខ្លួនដល់ក្នុងផ្ទះ នៅស្រុកកំពង់ត្រឡាច

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង៖ ទីបំផុត! តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចដោះលែងបុរសម្នាក់ឲ្យត្រឡប់ទៅផ្ទះវិញ ដែលត្រូវឃាត់ខ្លួនក្នុងហេតុការណ៍អំពើហិង្សា នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យភាគីម្ខាងទៀតស្លាប់ ដោយសារតែការប្រើប្រាស់សិទ្ធិការពារខ្លួន ក្រោយអ្នកដែលស្លាប់បានចូលទៅកាប់គាត់ដល់ក្នុងផ្ទះ។

បុរសខាងលើឈ្មោះ នី រ៉វី ជនជាតិខ្មែរឥស្លាម រស់នៅភូមិច្រករមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ហេតុការណ៍អំពើហិង្សានេះ បានកើតឡើងនៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ នៅក្នុងផ្ទះរបស់ឈ្មោះ នី រ៉វី។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញខេត្តកំពង់ឆ្នាំង​ បានឱ្យដឹងថា នៅមុនពេលកើតហេតុជនដែលស្លាប់ឈ្មោះ សុះ អាលី បានផឹកស៉ីនៅផ្ទះទល់មុខផ្ទះរបស់ឈ្មោះ នី រ៉វី ហើយបានបោះសម្ដីឌឺដងដាក់ទៅឈ្មោះ នី រ៉វី។ ក្រោយមកប្រជាការពារ បានបំបែកកុំឲ្យមានការឈ្លោះប្រកែកគ្នា។ ប៉ុន្ដែឈ្មោះ សុះ អាលី បានកាន់ពូថៅដើរចូលទៅកាន់ឈ្មោះ នី រ៉វី ដល់ក្នុងផ្ទះចំលើកណ្ដាលក្បាល ទើបឈ្មោះ នី រ៉វី រត់ទៅយកពូថៅនៅផ្ទះបាយ ដើម្បីការពារខ្លួន ដោយកាប់ត្រឡប់ទៅវិញបណ្ដាលឲ្យឈ្មោះ សុះ អាលី ស្លាប់ភ្លាមៗ។

បន្ទាប់ពីកើតហេតុឈ្មោះ នី រ៉វី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ និងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង បន្ដនីតិវិធី។ ការឃាត់ខ្លួននេះ ក៏មានប្រតិកម្មជាបន្ដបន្ទាប់ពីមហាជននៅលើបណ្ដាញសង្គម ដោយអះអាងថា បុរសខាងលើគ្រាន់តែប្រើប្រាស់សិទ្ធិការពារខ្លួនពីការកាប់ប្រហាររបស់អ្នកស្លាប់តែប៉ុណ្ណោះ។

ក្រោយទទួលបានព័ត៌មាននេះ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានបញ្ជាឲ្យតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យ និងសិក្សាទិដ្ឋភាពច្បាប់ អង្គហេតុជាក់ស្ដែង ក្នុងករណីបុរសនោះ ពិតជាប្រើប្រាស់សិទ្ធិការពារខ្លួនមែន គឺត្រូវបានធានាដោយច្បាប់។

...

លុះនៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ក៏បានសម្រេចដោះលែងបុរសខាងលើ ដោយសំអាងហេតុថា នេះជាការប្រើប្រាស់សិទ្ធិការពារខ្លួន៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print