ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ប្រធានបេសកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ក្នុងអាណត្តិហ្វីលីពីនធ្វើជាប្រធានដឹកនាំ ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅចំនុចភូមិអាងសិលា ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលយោធាថៃបានលួចដាំបង្គោលថ្មី ៗ រំលោភចូលដែនអធិបតេយ្យភាពរបស់កម្ពុជាបន្ថែមទៀត ។
ជាមួយគ្នានោះក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ក៏បានបន្តដំណេីរទៅកាន់ភូមិជោគជ័យ ជាទីតាំងដែលយោធាថៃដាក់កុងតឺន័រ និងរាយបន្លាលួសហ៊ុំព័ទ្ធបន្តគ្រប់គ្រងដោយល្មើស នឹងបទដ្ឋានគតិយុត្តិអន្តរជាតិ និងកិច្ចព្រមព្រៀងសន្តិភាព ដែលកំពុងស្ថិតនៅជាធរមាន នៅឡេីយ និងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមិនអាចចូលទៅរស់នៅវិញបាននៅឡើយមកទល់បច្ចុប្បន្ននេះ៕
ដោយ ៖ សិលា










