ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានបង្ហាញថា ការដោះដូរទំនិញកម្ពុជា-ម៉ាឡេស៊ី សម្រេចបានជាង ៥០០ លានដុល្លារ នៅក្នុងរយៈពេល ៤ ខែ (មករា-មេសា) ២០២៦ កើនឡើង ៥១,៥% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៥ មានទឹកប្រាក់ ៣៥៣ លានដុល្លារ។
ទិន្នន័យរបស់ GDCE បានបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ខែមេសា ២០២៦ កម្ពុជានាំទំនិញចេញទៅប្រទេសម៉ាឡេស៊ីមានទំហំទឹកប្រាក់ ៦៧ លានដុល្លារ កើនឡើង ៤៧,៤% ចំណែកម៉ាឡេស៊ីនាំចូលមកវិញមានតម្លៃជាង ៤៦៧ លានដុល្លារ កើនឡើង ៥២,១%។
សូមជម្រាបជូនថា ប្រទេសម៉ាឡេស៊ី គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៧ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន សហរដ្ឋអាមេរិក វៀតណាម ថៃ ជប៉ុន និងសិង្ហបុរី។
បើតាមការបញ្ជាក់ពីអ្នកតាមដានភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច លោកបណ្ឌិត ជ័យ តិច បានលើកឡើង កម្ពុជាបានបង្វែរមកទិញទំនិញមួយចំនួនពីប្រទេសម៉ាឡេស៊ី បន្ទាប់ពីមានបញ្ហាព្រំដែនជាមួយថៃជាមួយនឹងការធ្វើពហិការទំនិញថៃពីប្រជាជនកម្ពុជា។
ដោយឡែកយោងតាមក្រសួងពាណិជ្ជកម្ម បានឱ្យដឹងដែរថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី នៅក្នុងឆ្នាំ ២០២៥កន្លងទៅ សម្រេចបាននូវទំហំទឹកប្រាក់ចំនួន ១,១ ពាន់លានដុល្លារ កើនឡើង ២៤,៦៦% ក្នុងនោះ កម្ពុជានាំចេញទៅម៉ាឡេស៊ី មានតម្លៃ ១៤៣ លានដុល្លារ ធ្លាក់ចុះ ២,៥៥% ចំណែកឯម៉ាឡេស៊ីនាំចូលមកវិញ មានតម្លៃ ៩៣៥ លានដុល្លារ កើន ៣០,២៥%៕ដោយ៖តារា










