មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានបញ្ជាឱ្យពង្រឹងអង្គភាពជួរមុខ ដោយប្រែក្លាយព្រំដែនជាមួយកូរ៉េខាងត្បូងទៅជា «បន្ទាយដ៏រឹងមាំ»។
ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយមេបញ្ជាការកងពល និងកងពលតូចនៅថ្ងៃទី 17 ខែឧសភា មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានគូសបញ្ជាក់ពីផែនការមួយដើម្បីបង្កើនសមត្ថភាពយោធា និងបច្ចេកទេសរបស់អង្គភាពជួរមុខ ក៏ដូចជាអង្គភាពសំខាន់ៗផ្សេងទៀត ដើម្បី «ទប់ស្កាត់សង្គ្រាមឱ្យបានហ្មត់ចត់»។
លោកគីមជុងអ៊ុនបានប្រកាសថា សកម្មភាពយុទ្ធសាស្ត្ររបស់យោធានឹងត្រូវបានបន្តឡើងវិញ ហើយនឹងមានការផ្លាស់ប្តូរសំខាន់ៗនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ជម្លោះ ប៉ុន្តែមិនបានបញ្ជាក់លម្អិតទេ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា «លោកបានសង្កត់ធ្ងន់ថា មន្ត្រីបញ្ជាការគ្រប់លំដាប់ថ្នាក់ក្នុងយោធាត្រូវបន្តលើកកម្ពស់ស្មារតី និងទស្សនៈរបស់ពួកគេលើសត្រូវ » ដែលហាក់ដូចជាសំដៅទៅលើកូរ៉េខាងត្បូង។
KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងក៏បានលើកឡើងពីគោលនយោបាយការពារទឹកដី ដោយផ្តោតលើ «ការពង្រឹងអង្គភាពជួរមុខនៅតាមព្រំដែនភាគខាងត្បូង និងប្រែក្លាយព្រំដែនទៅជាបន្ទាយដ៏រឹងមាំ»។ លោកក៏បានអំពាវនាវឱ្យមានការកែសម្រួលប្រព័ន្ធហ្វឹកហ្វឺន និងការពង្រីកលំហាត់ជាក់ស្តែង ដើម្បីបំពេញតាមការប្រែប្រួលនៃសង្គ្រាមសម័យទំនើប និងនិន្នាការអភិវឌ្ឍន៍របស់យោធាកូរ៉េខាងជើង៕

រូបថត: KCNA









