ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានមូលនិធិស្តូបអនុស្សាវរីយ៍ ឈ្នះ ឈ្នះ បានថ្លែងបញ្ជាក់ថា សន្តិភាព និងការឯកភាពជាតិពេញលេញនៅកម្ពុជា គឺមិនមែនទទួលបានដោយចៃដន្យនោះទេ ពោលគឺវាបានកើតចេញឡើងពីឥស្សរជនជាច្រើន បានយកជីវិតទៅធ្វើជាដើមទុន ដូច្នេះប្រជាពលរដ្ឋ និងយុវជន គប្បីបន្តចូលរួមថែរក្សាសន្តិភាព និងសមិទ្ធផលដែលទទួលបានពីសន្តិភាពនេះឱ្យនៅគង់វង្សតជំនាន់។
សម្តេចពិជ័យសេនា ទៀ បាញ់ លើកឡើងថា ការថែរក្សាសន្តិភាពនេះ គឺជាបញ្ហាសំខាន់ដោយរក្សាឱ្យបានគង់វង្ស ហើយសម្តេចពិជ័យសេនា បានគូសបញ្ជាក់ថា សុខសន្តិភាព និងការឯកភាពជាតិពេញលេញត្រូវបានរីកសុះសាយនៅពាសពេញផ្ទៃប្រទេសកម្ពុជា ពីអតីតកាលកម្ពុជា បានជួបប្រទះនូវបញ្ហាដ៏សែនលំបាក ក៏ប៉ុន្តែក្រោមការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជា បានបង្រួបបង្រួមទឹកដីឡើងវិញ ព្រមទាំងបង្កលក្ខណៈដ៏ល្អប្រសើរ ដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើន។ សម្តេចបានបន្ថែមថា សន្តិភាព និងស្ថិរភាពនយោបាយពេញលេញ បានផ្តល់ជាឱកាសដល់យុវជនជំនាន់ក្រោយ មានឱកាសសិក្សារៀនសូត្រ ចំណេះជំនាញផ្សេងៗ រហូតមានសមត្ថភាពគ្រប់គ្រាន់ចូលរួមដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា សុខសន្តិភាព ការឯកភាពជាតិពេញលេញនេះ គឺមិនមែនបានដោយចៃដន្យ ហើយក៏មិនយើងអង្គុយបន់ស្រន់ ហើយប្រទានមកនោះទេ ប៉ុន្តែ ឆ្លងកាត់ការលំបាកណាស់។ ការអនុវត្តឱ្យមានសុខសន្តិភាពនេះ មិនមែនជារឿងធម្មតាទេ ពាក់ព័ន្ធជាមួយប្រទេសជិតខាង ពាក់ព័ន្ធជាមួយអ្នកប្រយុទ្ធតតាំងគ្នា ហើយចង់ឱ្យមករួមរស់ជាមួយគ្នា ដោយសុខុមរមនាដូចសព្វថ្ងៃនេះមិនមែនជារឿងងាយស្រួល វាមានការលំបាក ហើយកន្លែងខ្លះ គឺយកជីវិតធ្វើជាដើមទុនផងដែរ។
បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានពន្យល់ទៀតថា បើនិយាយអំពីនយោបាយឈ្នះ ឈ្នះ នេះ យើងប្រាកដជានឹកឃើញភ្លាមដល់សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាស្ថាបនិក និងប្រតិបត្តិករផ្ទាល់ក្នុងបេសកកម្មស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិជូនមាតុភូមិកម្ពុជា។ នយោបាយឈ្នះ ឈ្នះ ដែលជារូបមន្តដ៏ស័ក្តិសិទ្ធិ និងជាស្នាដៃឯករបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ។
ទីបំផុតសន្តិភាពពេញលេញនៅកម្ពុជាត្រូវបានរកឃើញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដោយស្នាដៃ «រដ្ឋបុរស» ខ្មែរឈ្មោះ«តេជោសែន» ដោយប្រើរូបមន្តពិសេសគ្មានពីរឈ្មោះថា «នយោបាយ ឈ្នះ ឈ្នះ» ដើម្បីប្រែក្លាយសង្គ្រាមឱ្យទៅជាសន្តិភាពដែលសូម្បីតែអង្គការសហប្រជាជាតិបានចំណាយថវិកា ២ ០០០លានដុល្លារ ក៏មិនទាន់អាចរកសន្តិភាពពេញលេញជូនកម្ពុជាបាននៅឡើយ។
ជាមួយគ្នានោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ទៀតថា ការហៅនយោបាយ ឈ្នះ ឈ្នះ គឺជាការបញ្ចប់សង្គ្រាមដោយគ្មានការបង្ហូរឈាម និងគ្មានអ្នករងគ្រោះ ពោលគឺខ្មែរឈ្នះទាំងអស់គ្នា។ អាថ៌កំបាំងនៃនយោបាយឈ្នះ ឈ្នះ ត្រូវបានសម្តេចតេជោបង្ហាញជាសាធារណៈរួចហើយ ដោយវាមានធាតុផ្សំសំខាន់៣ គឺទី១៖ ធានាអាយុជីវិត ទី២៖ ធានាអាជីព និងមុខរបរ និងទី៣៖ ធានាកម្មសិទ្ធិឯកជន ជូនដល់គូជម្លោះ៕ដោយ៖តារា
ប្រភព៖BTV










