រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងប្រើគ្រប់ជម្រើសដែលអាចធ្វើទៅបាន រួមទាំងការធ្វើអាជ្ញាកណ្ដាលបន្ទាន់ ដើម្បីបញ្ឈប់ការធ្វើកូដកម្មនៅក្រុមហ៊ុន Samsung Electronics ដែលជានិយោជកធំបំផុតរបស់ប្រទេស និងកាត់បន្ថយផលប៉ះពាល់ ប្រសិនបើការធ្វើកូដកម្មកើតឡើងពិតប្រាកដ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីកាលពីថ្ងៃអាទិត្យ។
ក្រុមហ៊ុនផលិតឈីបអង្គចងចាំធំបំផុតរបស់ពិភពលោក និងសហជីពកម្មកររបស់ Samsung នៅកូរ៉េខាងត្បូង នឹងបន្តការចរចាប្រាក់ខែនៅថ្ងៃចន្ទ ជាមួយអ្នកសម្របសម្រួលរបស់រដ្ឋាភិបាល ដែលអាចជួយបន្ធូរបារម្ភអំពីការធ្វើកូដកម្ម ដែលអាចរំខានដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ ដែលមានចំណែកជិតមួយភាគបួននៃការនាំចេញរបស់ប្រទេស។
នាយករដ្ឋមន្ត្រី Kim Min-seok បាននិយាយបន្ទាប់ពីកិច្ចប្រជុំបន្ទាន់ជាមួយរដ្ឋមន្ត្រីនានាកាលពីថ្ងៃអាទិត្យថា៖
“ការផ្អាកដំណើរការត្រឹមតែមួយថ្ងៃនៅរោងចក្រផលិតឈីបរបស់ Samsung Electronics ត្រូវបានរំពឹងថា នឹងបង្កឱ្យមានការខាតបង់ដោយផ្ទាល់រហូតដល់ 1 ទ្រីលានវ៉ុន (ប្រហែល 667.68 លានដុល្លារ)”។
លោកបានបន្ថែមថា អ្វីដែលគួរឱ្យបារម្ភជាងនេះ គឺការផ្អាកបណ្តោះអាសន្ននៃខ្សែផលិតកម្មឈីប អាចនាំឱ្យរោងចក្រអសកម្មរាប់ខែ ហើយមានការព្រួយបារម្ភថា ការខូចខាតសេដ្ឋកិច្ចអាចកើនដល់ 100 ទ្រីលានវ៉ុន ប្រសិនបើសម្ភារៈផលិតត្រូវបោះចោលដោយសារកូដកម្ម។
បទបញ្ជាអាជ្ញាកណ្ដាលបន្ទាន់ អាចត្រូវបានអនុវត្តដោយរដ្ឋមន្ត្រីការងារ ប្រសិនបើរដ្ឋាភិបាលយល់ថា ជម្លោះការងារនេះអាចប៉ះពាល់ដល់សេដ្ឋកិច្ច ឬជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។ វានឹងហាមឃាត់សកម្មភាពកូដកម្មភ្លាមៗរយៈពេល 30 ថ្ងៃ ខណៈគណៈកម្មការទំនាក់ទំនងការងារជាតិធ្វើការសម្រុះសម្រួល និងអាជ្ញាកណ្ដាល។
វិធានការនេះកម្រត្រូវបានប្រើណាស់ ហើយនឹងត្រូវចាត់ទុកថា ជាជំហានពិសេសខ្លាំងមួយ សម្រាប់រដ្ឋាភិបាលដែលគាំទ្រសហជីព។
សហជីពបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងមិនចុះចាញ់សម្ពាធលើការធ្វើអាជ្ញាកណ្ដាលទេ ហើយក៏នឹងមិនយល់ព្រមលើកិច្ចព្រមព្រៀងប្រាក់ខែដែរ ប្រសិនបើក្រុមហ៊ុនផ្តល់សំណើដែលអាក្រក់ជាងមុន។
លោក Kim បានថ្លែងថា Samsung មានចំណែក 22.8% នៃការនាំចេញរបស់កូរ៉េខាងត្បូង និង 26% នៃទីផ្សារភាគហ៊ុនក្នុងស្រុក ដោយផ្តល់ការងារដល់បុគ្គលិកជាង 120,000 នាក់ និងសហការជាមួយអ្នកផ្គត់ផ្គង់ប្រមាណ 1,700 ក្រុមហ៊ុន៕










