ខេត្តតាកែវ÷មន្ត្រីនគរបាលរដ្ឋាននគរបាលស្រុកបាទីបានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ខែឧសភាឆ្នាំ២០២៦នេះថាកម្លាំងសមត្ថកិច្ចបានចុះល្បាតនៅក្នុងមូលដ្ឋានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីជួញដូរនិងប្រើប្រាស់គ្រឿង។
ប្រភពបានឲ្យដឹងថា នៅវេលាម៉ោង១៦ និង២០ នាទីរសៀល ថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦ ដោយ មានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកវរសេនីយ៍ ទោ មូល សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានបញ្ជាកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការចុះល្បាតតាមភូមិសាស្ត្រសំខាន់ៗ។
លុះមកដល់ចំណុចភូមិត្រពាំងត្រាវ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ បានជួបមុខសញ្ញាគួរសង្ស័យចំនួន ០១ នាក់ ហើយបានហៅមកធ្វើការឆែកឆេរ រកឃើញម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនខុសច្បាប់ចំនួន ២៧ កញ្ចប់ ទូរស័ព្ទចំនួន ០១ គ្រឿង និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យមានឈ្មោះ៖
១. ឈ្មោះ សារ៉ាន់ នីន ហៅ តូវឡូវ ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅភូមិក្រាំងពោធិ៍ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។ ដកហូតបានម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនខុសច្បាប់ចំនួន២៧ កញ្ចប់ ទូរស័ព្ទចំនួន ០១ គ្រឿង និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន (ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់)។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕










