ខេត្តកណ្ដាល÷មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងថ្ងៃទី១៨ខែឧសភានេះបានឲ្យដឹងថា សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ ករណីរក្សាទុកនឹងប្រើប្រាស់សារធាតុញៀន នៅថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២៦វេលាម៉ោង០១និង០០ នាទីនៅចំណុចភូមិតាកុច ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន៣នាក់ ៖ ១- ឈ្មោះសុវណ្ណ ចាន់សង្វា (ហៅភា)ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ មុខរបរមិនពិត ប្រាកដ មានសារធាតុញៀនក្នុងទឹកនោម(+)។២-ឈ្មោះ មុំ ចាន់រតនា ភេទប្រុស អាយុ ៣០ឆ្នាំជនជាតិខ្មែរ មានទីលំនៅ ភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)មានសារធាតុញៀនក្នុងទឹកនោម(+)និង៣-ឈ្មោះ ឌី វណ្ណនី ភេទ ប្រុស អាយុ ៣៥ឆ្នាំជនជាតិខ្មែរ មានទីលំនៅ ភូមិព្រៃសម្ព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដមានសារធាតុញៀនក្នុងទឹកនោម(+)។
វត្ថុតាងចាប់យក
១-ថ្នាំញៀនចំនួន ០១កញ្ចប់តូច ទម្ងន់ ០,១០ក្រាម។
២-ទូរស័ព្ទ ០១គ្រឿង ម៉ាក oppoពណ៌ខ្មៅលាយស្លែ ។៣-សំភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ប្រភពបានឲ្យដឹងទៀតថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៦ នៅវេលាម៉ោង ០១ និង០០នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមឫស និង កម្លាំងប្រជាការពារបានចេញល្បាតតាមភូមសាស្រ្តងាយរងគ្រោះ ។ ពេលដល់ចំណុចកើតហេតុខាងលើក៏បានប្រទះឃើញជនសង្ស័យទាំងបីនាក់កំពុងដើរតាមផ្លូវ។ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចក៏បានហៅឃាត់សួរនាំ និងសុំឆែកឆេរហើយរកឃើញថ្នាំញៀនចំនួន ០១ កញ្ចប់តូច ដែលជនសង្ស័យទំលាក់ក្បែរខ្លួន។
ភ្លាមៗនោះកម្លាំងប៉ុស្តិ៍នរបាលដើមឫសក៏បានឃាត់ខ្លួន និងបញ្ជូនមកផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋានស្រុកកណ្តាលស្ទឹងជាមុនសិន ដោយសង្ស័យជាមុខសញ្ញាពាក់ពន្ធ័បទល្មើសលួចប្រេងតាមឡានដឹកដី ដែលតែងតែកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ។
ក្រោយពីបានសួរនាំរួចមកឃើញថា ជនសង្ស័យទាំង ០៣ នាក់ ពុំមានអ្វីពាក់ពន្ធ័ទៅហ្នឹងបទល្មើសលួចនោះទេ ទើបព្រឹកឡើងថ្ងៃទី១៧ខែ ឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៩និង ៣០នាទី កម្លាំងផ្នែកព្រហ្មទណ្ឌស្រុកបានប្រគល់ជនសង្ស័យទាំង០៣នាក់ មកឱ្យផ្នែកជំនាញប្រឆាំងគ្រឿងញៀនស្រុកដើម្បីបន្តនីតិវិធីបន្តទៀត។
ក្រោយពេលបានទទួលជនសង្ស័យទាំង០៣នាក់ រួចមក កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនបានសាកសួរហើយបាន ធ្វើតេស្តទឹកនោមរកសារធាតុញៀនក៏បានរកឃើញមានសារធាតុញៀននៅក្នុងទឹកនោមទាំង០៣ នាក់ បន្ទាប់មកកម្លាំងផ្នែកជំនាញយើងក៍បានកសាងសុំណុំរឿង និងបន្តនីតិវិធីច្បាប់បន្ត ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ទាំង០៣ នាក់ បានឆ្លើយសារភាពថា ថ្នាំញៀននេះជារបស់ពួកខ្លួនពិតប្រាកដមែន ដោយពួកខ្លួនបានចូលលុយគ្នាយកទៅទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ តាមរយៈលេខទូរសព្ទ័ 096 353 7561 នៅម្តុំផ្សារព្រៃទទឹងតំលៃ ២០០០០ រៀល(ពីរម៉ឺនរៀល)ដេីម្បីយកមកប្រើប្រាស់។ ក្រៅពីប្រេីប្រាស់ថ្នាំញៀនពួកខ្លួនមិនដែលបានប្រព្រឹត្តបទល្មើស លួច ឆក់ ប្លន់ អ្វីឡើយ។
បច្ចប្បុន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានបញ្ជូនមក កាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕










