ភ្នំពេញ ៖ រថយន្តម៉ាក tundra ១គ្រឿងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅរងការខូចខាតទាំងស្រុងពេលដែលម្ចាស់ចតចោលក្បែរសួនច្បារក្នុងបុរីភ្នំពេញថ្មីហើយឆ្លងចរន្ត។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០០និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នៅក្នុងបុរីភ្នំពេញថ្មី ដែលស្ថិតនៅក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
រថយន្តដែលត្រូវភ្លើងឆេះត្រូវបាននគរបាលឲ្យដឹងថា ម៉ាកTundra ពណ៌ស ពាក់ស្លាកលេខ សៀមរាប ២B -៥១៨៨ មានម្ចាស់ឈ្មោះ ម៉ី ចាន់ធារីភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ។
តាមព័ត៌មានបានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុម្ចាស់បានចតរថយន្តនៅក្នុងបុរីក្បែរសួនច្បារហើយបានចូលសម្រាកក្នុងផ្ទះបាត់ទៅ។ ពេលដែលកំពុងតែដេកលង់លក់ស្រាប់តែរថយន្តត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់សន្តិសុខនិងប្រជាពលរដ្ឋរស់នៅក្នុងបុរីភ្នំពេញថ្មីទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ១គ្រឿងទៅអន្តរាគមន៍ហើយភ្លើងក៏បានរលត់ទៅវិញ។ ទោះបីជាយ៉ាងណារថយន្តខាងលើត្រូវភ្លើងឆេះរងការខូចខាតទាំងស្រុង។
តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា អគ្គិភ័យនេះបណ្ដាលមកពីឆ្លងចរន្តប្រព័ន្ធភ្លើងរថយន្តបង្កជាអគ្គិភ័យតែម្តង៕










