សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកស្រី Magadalini Nicolaou ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋក្រិកប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី​ Magadalini Nicolaou ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋក្រិកប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង​ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោបានសម្ដែងនូវក្តីរីករាយ ហើយក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រ សម្ដេចសូមអបអរសាទរចំពោះលោកស្រី នីកូឡាអូ ដែលបានតែងតាំងជាឯកអគ្គរដ្ឋទទួលថ្មីរបស់ក្រិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោសង្ឃឹមថាតួនាទីរបស់លោកជំទាវជាឯកអគ្គរដ្ឋទូតនឹងញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងក្រិកកាន់តែរីកចម្រើនបន្តទៀត។

លោកស្រី​បានអរគុណចំពោះសម្ដេចតេជោដែលលោកជំទាវមានកិត្តិយសជួបសម្ដេច និងប្រគល់សារតាំងនាពេលនេះ។ 

លោកស្រី​បានលើកឡើងថាពីមុនមកក្រិកមិនដែលតែងតាំងអគ្គរដ្ឋទូតជាស្រី្តប្រចាំនៅកម្ពុជាទេ ដូច្នេះលោកជំទាវរីករាយនឹងបានធ្វើជាឯកអគ្គរដ្ឋទូតនៅក្នុងប្រទេសដ៏ស្រស់ស្អាតមួយនេះ។ លោកស្រី​បានប្ដេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងក្នុងការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជា និងក្រិកឱ្យកាន់តែរីកចម្រើនបន្តទៀត។ លោកស្រី​បានលើកឡើងថា កម្ពុជានិងក្រិកមានប្រវត្តិសាស្ត្រ និងប្រវត្តិនៃការកើតឡើងប្រហាក់ប្រហែលគ្នាដែលជាប្រទេសមានប្រវត្តិសាស្ត្រយូរអង្វែងដូចគ្នាហើយមានវប្បធម៌ មានអរិយធម៌ដ៏អស្ចារ្យដូចគ្នា ដែលជាចំណុចមួយដែលលោកស្រីចាប់អារម្មណ៍ និងពង្រីកបន្ថែមទៀតនៅក្នុងពេលដែលលោកជំទាវបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។

សម្ដេចតេជោបានសម្ដែងនូវការពេញចិត្ត ហើយក៏ឯកភាពចំពោះការលើកឡើងរបស់លោកស្រី ជាពិសេសទាក់ទងទៅនឹងប្រទេសទាំងពីរដែលមានប្រវត្តិសាស្ត្រយូរអង្វែងដូចគ្នា។ សម្ដេចតេជោក៏ទទួលស្គាល់ថាថ្វីត្បិត

ប្រទេសទាំងពីរមានប្រវត្តិសាស្ត្រយូរអង្វែង មានអរិយធម៌វប្បធម៌សម្បូរបែបដូចគ្នាក៏ពិតមិន ប៉ុន្តែក្រិកគេអាចចាត់ទុកថាជាប្រទេសមួយដែលចំណាស់ជាងកម្ពុជា និងសម្បូរបែបនូវវប្បធម៌ ហើយជាប្រទេសដែលជាធ្លាប់មានអ្នកប្រាជ្ញច្រើន។តាមរយៈកិច្ចការរវាងកម្ពុជា និងក្រិក សម្ដេចតេជោសង្ឃឹមថា វត្តមានរបស់លោកស្រីនឹងជំរុញបន្ថែមទៀតនូវពាណិជ្ជកម្ម សេដ្ឋកិច្ច ក៏ដូចជា

សក្កានុពលផ្សេងៗទៀតដែលប្រទេសទាំងពីរត្រូវពង្រឹងជាមួយគ្នា និងធ្វើយ៉ាងណាឱ្យទំនាក់ទំនងនេះកាន់តែរឹងមាំជាពិសេស សម្ដេចតេជោសង្កត់ធ្ងន់ទៅលើការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ។ 

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឱ្យលោកជំទាវទទួលបានជោគជ័យនៅក្នុងបេសកកម្មជាឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា៕ដោយ​៖តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print