ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ លើកទី៥ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៤៥០ លានដុល្លារ និងអាចបង្កើតការងារបាន៩០០កន្លែង។ គម្រោងវិនិយោគទាំង៧នេះ បានបោះទីតាំងនៅខេត្តកំពង់ស្ពឺ ស្ទឹងត្រែង និងពោធិ៍សាត់។
គម្រោងវិនិយោគទាំង៧នោះ មានមុខសញ្ញាវិនិយោគក្នុងវិស័យផ្សេងៗគ្នាដូចជា៖
• វិស័យឧស្សាហកម្មចំនួន២គម្រោង៖ រោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ភ, និងគម្រោងសាងសង់អាងប្រព្រឹត្តកម្ម និងឡចំហាយ
• វិស័យកសិ-ឧស្សាហកម្មចំនួន១គម្រោង៖ រោងចក្រចម្រាញ់ប្រេងឆា ដូចជា ប្រេងកន្ទក់, ប្រេងសណ្តែកសៀង, ប្រេងពោត និងប្រេងអូលីវ
• វិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន៤គម្រោង៖ គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព២០០មេហ្គាវ៉ាត់, អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០០មេហ្គាវ៉ាត់, អភិវឌ្ឍន៍ស្ថានីយប្រព័ន្ធអាគុយស្តុកទុកថាមពល អានុភាព ៥០០មេហ្គាវ៉ាត់/១០០០មេហ្គាវ៉ាត់ម៉ោង (500 MW/1000 MWH), និងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់៕ដោយ៖តារា










