ក្រុមហ៊ុនលក់រាយយក្សរបស់ចិន Meiyijia កំពុងព្យាយាមចូលរួមចំណែកក្នុងទីផ្សារលក់រាយរបស់វៀតណាម ប៉ុន្តែបើគ្មានយុទ្ធសាស្ត្រច្នៃប្រឌិត និងសម្របខ្លួនតាមតំបន់ទេ វានឹងពិបាកប្រកួតប្រជែងជាមួយក្រុមហ៊ុនដែលមានស្រាប់ និងមានសាខារាប់ពាន់កន្លែងដំណើរការល្អរួចទៅហើយ នេះបើយោងតាមអ្នកវិភាគម្នាក់។
ក្រុមហ៊ុននេះបានបើកហាងលក់រាយ Ohmee ចំនួន៣សាខានៅទីក្រុងហាណូយកាលពីខែមេសា ខណៈគេហទំព័ររបស់ខ្លួនក៏កំពុងស្វែងរកដៃគូ Franchise ដើម្បីពង្រីកបណ្តាញទូទាំងប្រទេសផងដែរ។
ប្រទេសវៀតណាម និងម៉ាឡេស៊ី ត្រូវបានជ្រើសរើសជាទីផ្សារដំបូងនៅអាស៊ីអាគ្នេយ៍របស់ Meiyijia ដែលល្បីល្បាញខាងការពង្រីកយ៉ាងលឿន ដោយបានឈានដល់សាខាជាង 40,000 កន្លែងកាលពីពាក់កណ្តាលឆ្នាំមុន និងបានបង្កើនចំនួនសាខាទ្វេដងក្នុងរយៈពេលតិចជាង ៥ ឆ្នាំ។
ប៉ុន្តែការដណ្តើមចំណែកទីផ្សារលក់រាយនៅវៀតណាមមិនមែនងាយស្រួលទេ ព្រោះទាំងក្រុមហ៊ុនក្នុងស្រុក និងបរទេស បានចំណាយពេលជាច្រើនឆ្នាំបង្កើតបណ្តាញសាខារាប់ពាន់ ជាពិសេសនៅទីក្រុងធំៗ។
លោក Damien Yeo អ្នកវិភាគជាន់ខ្ពស់ផ្នែកអ្នកប្រើប្រាស់ និងលក់រាយនៅ BMI ដែលជាក្រុមហ៊ុនក្រោម Fitch Solutions បាននិយាយថា៖ “ក្រុមហ៊ុនដែលមានស្រាប់ បានបង្កើតបណ្តាញហាងក្រាស់ខ្លាំង ទំនាក់ទំនងរឹងមាំជាមួយអ្នកផ្គត់ផ្គង់ និងទទួលបានភាពស្មោះត្រង់ពីអតិថិជនរួចទៅហើយ”។
លោកបានប្រាប់សារព័ត៌មាន VnExpress International ថា “ភាពជោគជ័យរបស់ Meiyijia នឹងមិនអាស្រ័យលើទំហំរបស់ខ្លួននៅចិនទេ ប៉ុន្តែអាស្រ័យលើសមត្ថភាពក្នុងការបង្កើតភាពខុសគ្នា និងសម្របខ្លួនក្នុងទីផ្សារដែលគូប្រជែងមានអត្ថប្រយោជន៍ផ្នែកប្រតិបត្តិការ និងម៉ាកយីហោរួចហើយ”។
លោក Yeo បានបញ្ជាក់ថា វៀតណាមមានប្រជាជនច្រើន វ័យក្មេង និងកំពុងធ្វើទីក្រុងនីយកម្មយ៉ាងលឿន។ ប្រជាជនអាយុពី 15 ដល់ 65 ឆ្នាំ ដែលមានចំនួន 68.7 លាននាក់ក្នុងឆ្នាំ២០២៦ និងរំពឹងកើនដល់ 72.3 លាននាក់នៅឆ្នាំ២០៤០ គឺជាអតិថិជនស្នូល ព្រោះពួកគេចូលចិត្តភាពរហ័ស ងាយស្រួល ម៉ោងបើកយូរ និងការទិញអាហាររួចស្រេច ឬទំនិញប្រចាំថ្ងៃ។
បញ្ហានេះបានជំរុញឲ្យមានតម្រូវការខ្ពស់សម្រាប់អាហារពេលព្រឹក អាហារថ្ងៃត្រង់ អាហារពេលយប់ សេវាបង់វិក្កយបត្រ និងការទិញគ្រឿងទេសបន្ទាន់ ខណៈអាហារ និងភេសជ្ជៈគ្មានជាតិអាល់កុល គឺជាចំណាយធំបំផុតរបស់គ្រួសារវៀតណាម ដែលស្មើ 21% នៃការចំណាយសរុប។
យីហោលក់រាយបរទេសមួយចំនួនក៏កំពុងពន្លឿនការពង្រីកខ្លួនដើម្បីចូលទីផ្សារប្រកួតប្រជែងនេះផងដែរ។ ផ្សារទំនើប E-Mart របស់កូរ៉េខាងត្បូង ដែលមាន៣សាខានៅវៀតណាម អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចទិញអាហារកូរ៉េដូចជា kimbab និងអាហារវៀតណាមយកទៅបរិភោគបានយ៉ាងងាយស្រួល។
យីហោកូរ៉េខាងត្បូងមួយទៀតគឺ GS25 មានសាខាជាង 400 នៅវៀតណាម បន្ទាប់ពីប្រតិបត្តិការជិត១០ឆ្នាំ។ យុទ្ធសាស្ត្ររបស់ពួកគេរួមមានការលើកស្ទួយអត្តសញ្ញាណម៉ាកកូរ៉េ តាមរយៈអាហាររួចស្រេច និងអាហារសម្រន់ ដើម្បីទាញយកប្រយោជន៍ពីភាពពេញនិយមនៃវប្បធម៌ កូរ៉េ។
អ្នកវិភាគរំពឹងថា ក្រុមហ៊ុនបរទេសផ្សេងៗទៀតក៏នឹងត្រូវនាំមកនូវអ្វីថ្មី ដើម្បីទាក់ទាញអតិថិជនវៀតណាមផងដែរ។
លោក Yeo បាននិយាយថា៖ “ដើម្បីធ្វើឲ្យជោគជ័យដូចនៅចិន Meiyijia ត្រូវតែសម្របម៉ូឌែលរបស់ខ្លួន មិនអាចយកទៅប្រើដោយផ្ទាល់បានទេ ព្រោះវៀតណាម និងអាស៊ីអាគ្នេយ៍មានរចនាសម្ព័ន្ធលក់រាយ ប្រាក់ចំណូលអ្នកប្រើប្រាស់ និងល្បឿននៃការធ្វើទីក្រុងនីយកម្មខុសគ្នា”។
គាត់បានណែនាំថា Meiyijia អាចលក់អាហារចិនឆ្អិនរួចស្រេចសម្រាប់អតិថិជន Convenience Store របស់ខ្លួន។
គាត់ក៏បានណែនាំថា ក្រុមហ៊ុនបរទេសគួរតែផ្តោតលើយុទ្ធសាស្ត្រតម្លៃសមរម្យ សម្រាប់ទំនិញប្រចាំថ្ងៃ ទំហំកញ្ចប់តូច និងការបញ្ចុះតម្លៃញឹកញាប់ ជាជាងផ្តោតលើផលិតផលថ្លៃ។
ប៉ុន្តែផ្នែកអាហារស្រស់មិនគួរជាចំណុចសំខាន់សម្រាប់ក្រុមហ៊ុនបរទេសទេ ព្រោះគូប្រជែងក្នុងស្រុកមានអត្ថប្រយោជន៍ខ្លាំងជាងទាំងផ្នែកប្រភពផ្គត់ផ្គង់ បណ្តាញដឹកជញ្ជូន និងទំនុកចិត្តអតិថិជន។
ទោះមានយុទ្ធសាស្ត្រល្អក៏មិនធានាជោគជ័យដែរ ព្រោះវៀតណាមមានក្រុមហ៊ុនក្នុងស្រុកខ្លាំងៗដូចជា WinCommerce ដែលជាក្រុមហ៊ុនលក់រាយធំបំផុតក្នុងប្រទេស មានសាខា WinMart+ ចំនួន 4,500 និងមានផែនការបង្កើនដល់ 6,100 សាខាក្នុងឆ្នាំនេះ។
លោកស្រី Nguyen Thi Phuong នាយកប្រតិបត្តិ WinCommerce បាននិយាយនៅក្នុងកិច្ចប្រជុំភាគហ៊ុនិកប្រចាំឆ្នាំថា “យើងបានបង្កើតម៉ូឌែលជោគជ័យរួចហើយ”។ ក្រុមហ៊ុនកំណត់គោលដៅរកប្រាក់ចំណេញលើស 1 ទ្រីលានដុង (37.9 លានដុល្លារ) ក្នុងឆ្នាំនេះ។
នៅដំណាក់កាលបន្ទាប់នៃការពង្រីក ក្រុមហ៊ុនកំពុងផ្តោតលើទីផ្សារជនបទ ដែលជាទីកន្លែងរស់នៅរបស់ប្រជាជនវៀតណាម 60%។
លោកស្រីNguyen Thi Phuongបានថ្លែងបន្ថែមថា “យើងមើលតំបន់ជនបទ មិនមែនជាទីផ្សាររងទេ ប៉ុន្តែជាកម្លាំងជំរុញកំណើនយុទ្ធសាស្ត្រសម្រាប់ឆ្នាំខាងមុខ”។
ក្រុមហ៊ុនលក់រាយក្នុងស្រុកមួយទៀត Bach Hoa Xanh មានសាខាជាង 3,000 ភាគច្រើននៅភាគខាងត្បូង ហើយគ្រោងបើកបន្ថែម 1,000 សាខាក្នុងឆ្នាំនេះ និងរៀបចំការចុះបញ្ជី IPO នៅពេលអនាគត៕










