រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ នេត្រ​ ភក្ត្រា​៖ ចំនួន Like ចំនួន Share និងចំនួន View មិនអាចក្លាយជាគោលដៅសំខាន់លើសពីតម្លៃសីលធម៌ សច្ចធម៌ សុចរិតភាព និងការទទួលខុសត្រូវចំពោះសង្គមបានឡើយ

ចែករំលែក៖

ភ្នំពេញ​៖​ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ មានប្រសាសន៍ថា ក្នុងនាមជាអ្នកសារព័ត៌មាន អ្នកផលិតមាតិកា ពិធីករ ពិធិការិនី និងអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម គឺត្រូវទទួលស្គាល់ និងចងចាំជានិច្ចថា ចំនួន Like ចំនួន Share និងចំនួន View មិនអាចក្លាយជាគោលដៅសំខាន់លើសពីតម្លៃសីលធម៌ សច្ចធម៌ សុចរិតភាព និងការទទួលខុសត្រូវចំពោះសង្គមបានឡើយ។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីយ៉ាងដូច្នេះក្នុងឱកាសនៃពិធីបិទសិក្ខាសាលាស្តីពី “រួមគ្នាលើកកម្ពស់សីលធម៌ តាមរយៈការផ្សព្វផ្សាយ” ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ។

លោករដ្ឋមន្ត្រី​ នេត្រ​ ភក្ត្រា​ បានបន្តថា អ្នកដែលមានវត្តមាននៅលើប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម មានឥទ្ធិពលយ៉ាងខ្លាំងលើការគិត ការយល់ឃើញ រសនិយម និងការផ្លាស់ប្តូរឥរិយាបថរបស់សាធារណជន ជាពិសេសគឺយុវជន។ ដូច្នេះមាតិកាដែលបានផលិត និងផ្សព្វផ្សាយ គឺត្រូវផ្អែកលើការពិត ភាពត្រឹមត្រូវ គុណធម៌ សីលធម៌ សច្ចធម៌ សុចរិតភាព និងការគោរពតម្លៃមនុស្ស ដោយមាតិកាល្អគឺមិនត្រឹមតែទទួលបានការចាប់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែបានជួយលើកកម្ពស់ចំណេះដឹង សីលធម៌ សេចក្តីថ្លៃថ្នូរ និងសាមគ្គីភាពនៅក្នុងសង្គម។

លោករដ្ឋមន្ត្រី​ បានគូសបញ្ជាក់ថា ការចុច Like មួយវាអាចបាត់ទៅ តែឥទ្ធិពលអវិជ្ជមាននៃមាតិកាខុសសីលធម៌អាចនៅក្នុងចិត្តយុវជន និងសង្គមបានយូរអង្វែង និងបានបន្ថែមថា សេរីភាពនៃការផ្សព្វផ្សាយ និងការបញ្ចេញមតិ គឺជាសិទ្ធិសំខាន់មួយ ប៉ុន្តែសេរីភាពនេះត្រូវតែដើរទន្ទឹមនឹងការទទួលខុសត្រូវ ការគោរពច្បាប់ ការគោរពសីលធម៌ និងការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស។ សេរីភាពដែលគ្មានការទទួលខុសត្រូវអាចក្លាយជាហានិភ័យដល់សង្គម រួមនឹងតម្លៃវប្បធម៌ជាតិ។

លោក​ នេត្រ ភក្ត្រា បានចាត់ទុកសិក្ខាសាលាស្តីពី “រួមគ្នាលើកកម្ពស់សីលធម៌ តាមរយៈការផ្សព្វផ្សាយ” ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន ក្នុងគោលបំណងផ្សព្វផ្សាយសេចក្តីណែនាំអន្តរក្រសួង ដើម្បីជំរុញការលើកកម្ពស់វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងសីលធម៌ដ៏ផូរផង់របស់ជាតិខ្មែរ ជាពិសេសថែរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ និងគុណតម្លៃស្ត្រី ក្នុងបរិបទនៃការរីកចម្រើនផ្នែកឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយ ដែមានការចូលរួមពីបណ្តាអ្នកសារព័ត៌មាន អ្នកផលិតមាតិកា អ្នកកំពុងប្រកបមុខរបរតាមប្រព័ន្ធអនឡាញ សមាគមសិល្បករ សិស្ស និស្សិត ប្រមាណជាង២០០នាក់ថាមានសារៈសំខាន់ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជានៅគ្រប់អាណត្តិទាំងអស់ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការលើកកម្ពស់តួនាទី និងតម្លៃរបស់ស្ត្រីនៅក្នុងសង្គម ព្រោះស្ត្រីខ្មែរមិនត្រឹមតែជាមាតា ជាអ្នកអប់រំកូនចៅ និងជាអ្នកគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងស្នូលនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម វប្បធម៌ និងជាតិទាំងមូល។

ដូច្នេះការផ្សព្វផ្សាយ ឬក៏ការប្រើប្រាស់រូបភាពស្ត្រីនៅក្នុងន័យបង្អាប់ បន្ថោកតម្លៃមិនសមរម្យ ឬក៏យកទៅធ្វើជាកម្មវត្ថុនៃការផ្សព្វផ្សាយមាតិកាអសីលធម៌គឺជារឿងដែលយើងគ្រប់គ្នាមិនអាចទទួលយកបានឡើយ ហើយនេះគឺជាទង្វើដែលអ្នកសារព័ត៌មាន អ្នកផលិតមាតិកា ពិធីករ ពិធីការិនី អ្នកផ្សព្វផ្សាយពាណិជ្ជកម្ម និងអ្នកប្រើប្រាស់បណ្តាញសង្គមគួរចៀសវាងឱ្យបានជាដាច់ខាត ដោយលោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការគោរពស្ត្រី គឺជាការគោរពមាតា គោរពគ្រួសារ គោរព សង្គម និងគោរពអត្តសញ្ញាណជាតិខ្មែរ។ ស្ត្រីមិនគួរត្រូវបានប្រើប្រាស់ជាឧបករណ៍ដើម្បីទាក់ទាញការចាប់អារម្មណ៍ ឬក៏បម្រើផលប្រយោជន៍ខាងផ្នែកពាណិជ្ជកម្មដោយប្រាសចាកពីសីលធម៌នោះឡើយ។ សេចក្តីថ្លៃថ្នូររបស់ស្ត្រី គឺមិនមែនជារបស់សម្រាប់ជាទំនិញឡើយ ប៉ុន្តែគឺជាតម្លៃមនុស្ស និងជាតម្លៃជាតិដែលត្រូវការពារ លើកតម្កើង និងគោរព៕ដោយ​៖តារា​

...

ប្រភព៖ក្រសួង​ព័ត៌មាន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print