ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បន្តចុះរដ្ឋបាលត្រួតពិនិត្យ តាមទីតាំងខុនដូ ក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី២ បានរកឃើញជនបរទេស ០៨នាក់ ក្នុងនោះ(មានលិខិតស្នាមត្រឹមត្រូវ ០៣នាក់ ) និង ០៥នាក់គ្មានលិខិត ។
ជាក់ស្ដែងលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ សហការជាមួយ កម្លាំងសង្កាត់ស្ទឹងមានជ័យទី២ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យខុនដូរមួយកន្លែង យីហោ «ដេលី សង្ហារឹម » ស្ថិតនៅភូមិ ដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានអោយដឹងថា ដោយយោងតាមប្រសាសន៍ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល និងអនុវត្តន៍បទបញ្ជាពី លោក ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានដាក់គោលការណ៍ដ៏មុឺងម៉ាត់ ដល់គណៈអភិបាលទាំង ១៤ខណ្ឌ ត្រូវបន្តចុះរដ្ឋបាលតាមទីតាំងខុនដូរ អាផាតមិនជួល និងតាមបណ្តាសណ្ឋាគារ មិនអោយមានជាដាច់ខាត នូវជនបរទេស ដែលគ្មានលិខិតឆ្លងដែនស្របច្បាប់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនោះឡើយ ។
លោក អភិបាលបន្តថា ជាក់ស្តែងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចុះពិនិត្យទីតាំងខុនដូ មួយកន្លែង ដែលមានយីហោ« ដេលី សង្ហាររឹម» រកឃើញមានជនបរទេសរស់នៅ រួមមានជនជាតិ ឥណ្ឌា ០១នាក់ , ជនជាតិ កាមេរ៉ូន ០៤នាក់, ជនជាតិ ប៉ាគីស្ថាន ០២នាក់ , ជនជាតិ នីហ្សេរីយ៉ា ០១នាក់ (សរុប ០៨នាក់ )។
ក្នុងនោះសមត្ថកិច្ចបានរកឃើញជនបរទេសចំនួន ០៣នាក់ ជនជាតិឥណ្ឌា និងជនជាតិប៉ាគីស្ថាន មានលិខិតឆ្លងដែន ទិដ្ឋការត្រឹមត្រូវ ចំណែកឯជនជាតិ កាមេរ៉ូន ៤នាក់ និងជនជាតិនីហ្សេរីយ៉ា ០១នាក់ មិនមានលិខិតឆ្លងដែន និងទិដ្ឋការត្រឹមត្រូវនោះទេ។
បច្ចុប្បន្នជនបរទេសទាំង០៥នាក់ដែលមានគ្មានលិខិត ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការបន្តនីតិវិធី៕ដោយ៖តារា










