រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ នេត្រ ភក្ត្រា គូសរំលេចថា ការកំណត់មុខតំណែងមន្រ្តីច្បាស់លាស់ជាកិច្ចការសំខាន់ដែលមិនអាចខ្វះបាន

ចែករំលែក៖

ភ្នំពេញ​៖​ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការកំណត់មុខតំណែងមន្រ្តីច្បាស់លាស់ជាកិច្ចការសំខាន់មិនអាចខ្វះបាន លើការកំណត់ និងការពិពណ៌នាមុខតំណែង នឹងផ្តល់ជាប្រយោជន៍ដល់ក្រសួង ស្ថាប័ន អ្នកគ្រប់គ្រង និងមន្ត្រី ដើម្បីបង្កើនភាពច្បាស់លាស់លើមុខតំណែងនីមួយៗ។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួងព័ត៌មាន​។

ក្នុងកិច្ចប្រជុំតម្រង់ទិសស្ដីពីការពាក់ព័ន្ធនានាមុខតំណែងទៅតាមរចនាសម្ព័ន្ធចំណុះឱ្យក្រសួងព័ត៌មាននៅថ្ងៃទី២១ខែ ឧសភា ឆ្នាំ២០២៦ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា អ្នកគ្រប់គ្រង អាចកំណត់បានពីតម្រូវការ និងគុណវុឌ្ឍិដែលមន្ត្រីត្រូវមានសម្រាប់បំពេញការងារ ព្រមទាំងជួយសម្រួលដល់ការរៀបចំផែនការបណ្តុះបណ្តាល អភិវឌ្ឍសមត្ថភាព និងផែនការបន្តវេន ដើម្បីធានាបានថា ការជ្រើសរើសមន្ត្រីឱ្យកាន់មុខតំណែង គឺពិតជាឆ្លើយតប និងស្របតាមតម្រូវការជាក់ស្ដែងនៃមុខតំណែងនោះ។

លោករដ្ឋមន្ត្រី​ បានបន្តថា ចំណុចនេះគឺជាអ្វីដែលយើងបានធ្វើនៅក្នុងកំណែទម្រង់ ទៅលើប្រសិទ្ធភាពស្ថាប័ន ការជ្រើសរើសមន្ត្រី និងការលើកទឹកចិត្តមន្ត្រី គឺជាកិច្ចការដ៏សំខាន់ ព្រមទាំងការដាក់ពង្រាយមន្ត្រីឱ្យត្រូវទៅតាមឧបនិស្ស័យជំនាញរបស់ខ្លួននៅក្នុងការបំពេញការងារឱ្យត្រូវចំគោលដៅ។

លោករដ្ឋមន្ត្រី​ បានបន្ថែមថា ការកំណត់ និងពិពណ៌នាមុខតំណែងជំរុញឱ្យមន្ត្រីដឹងពីចំណុចខ្វះខាត និងខិតខំបង្កើនសមត្ថភាពជំនាញ ដើម្បីឆ្លើយតបនឹងតម្រូវការមុខតំណែង ព្រមទាំងត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍអាជីពទៅថ្ងៃមុខ ហើយរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញប្រសិទ្ធភាពនៃការអនុវត្តការងារប្រចាំថ្ងៃឱ្យកាន់តែមានភាពរលូន និងទទួលបានលទ្ធផលល្អប្រសើរ៕ដោយ​៖តារា​

...

រូបថត៖ AKP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print