អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតីហ៊ុន ម៉ាណែតអណ្ដូងទឹកស្អាត២៨កន្លែង ជួនកងកម្លាំងជួរមុខ ទិសបន្ទាយមានជ័យ

ចែករំលែក៖

បន្ទាយមានជ័យ៖  កងកម្លាំងប្រដាប់អាវុធ ជួរមុខដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន តាមបណ្តោយព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បានសម្តែងនូវក្តីរំភើបរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់អណ្តូងទឹកធន់នឹងការប្រែប្រួលអាកាសធាតុ (បំពាក់ស្នប់ និងម៉ូទ័របូម) ចំនួន ២៨ អណ្តូង ដើម្បីដោះស្រាយបញ្ហាប្រឈមលើការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ។

ការថ្លែងអំណរគុណ និងបង្ហាញចំណាប់អារម្មណ៍ដ៏មានអត្ថន័យនេះ បានធ្វើឡើងក្នុងឱកាសដែល លោក ជា យុទ្ធារុន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ អមដំណើរដោយមន្ត្រីបច្ចេកទេស បានចុះពិនិត្យវឌ្ឍនភាពផ្ទាល់នៃការសាងសង់អណ្តូងទាំងនោះចំនួន៥ ទីតាំង កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ។

 ចំពោះទីតាំងដែលបានចុះពិនិត្យនោះ រួមមាន នៅភូមិចំការគរ ឃុំស្វាយចេក ស្រុកស្វាយចេក និងភូមិជោគជ័យ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

នៅក្នុងឱកាសចុះពិនិត្យដានការងារនោះ លោក ជា យុទ្ធារុន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ៖ អណ្តូងទឹកទាំងអស់នេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។ នេះគឺជាសក្ខីភាពមួយស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់បំផុត និងមិនអាចកាត់ថ្លៃបាន ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា ចំពោះសុខទុក្ខ ជីវភាពរស់នៅ និងសុខុមាលភាពរបស់បងប្អូនកងកម្លាំងជួរមុខរបស់យើង ដែលកំពុងលះបង់គ្រប់បែបយ៉ាងដើម្បីការពារជាតិមាតុភូមិ។

លោកបានបន្ថែមថា គម្រោងផ្តល់អណ្តូងទឹកធន់នឹងការប្រែប្រួលអាកាសធាតុទាំង ២៨ អណ្តូងនេះ ត្រូវបានបែងចែកទៅតាមបណ្តាស្រុកជាប់ព្រំដែនសំខាន់ៗ រួមមាន ស្រុកថ្មពួក ស្រុកស្វាយចេក ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ។ មកទល់ពេលនេះ កងកម្លាំងនៅតាមទីតាំងទាំង ២៨ បាននិងកំពុងទាញយកទឹកពីអណ្តូងទាំងនោះ មកប្រើប្រាស់ជាបណ្តើរៗហើយ។ ដោយឡែក សម្រាប់ការងារបច្ចេកទេសដែលនៅសេសសល់ ដូចជាការចាក់កម្រាល និងការបំពាក់ស្នប់ទាំងអស់ នឹងត្រូវបញ្ចប់ជាស្ថាពរក្នុងចុងខែឧសភា ឆ្នាំ២០២៦ នេះយ៉ាងពិតប្រាកដ។

ជាមួយគ្នានោះដែរ តំណាងកងកម្លាំងប្រដាប់អាវុធជួរមុខដែលទទួលបានអណ្តូងទឹកនេះ បានសម្តែងចំណាប់អារម្មណ៍ទាំងក្តីរំភើបថាកន្លងមក បងប្អូនកងកម្លាំងយើងជួបការលំបាកខ្លាំងណាស់ក្នុងការស្វែងរកប្រភពទឹកស្អាតយកមកប្រើប្រាស់ ជាពិសេសក្នុងរដូវប្រាំង ឬរដូវដែលមាន ការប្រែប្រួលអាកាសធាតុខ្លាំង។ ប៉ុន្តែនៅ ពេលនេះ យើងខ្ញុំពិតជាមានក្តីរំភើបឥតឧបមា ដោយទទួលបានអណ្តូងទឹកស្អាតបំពាក់ទាំងស្នប់ និងម៉ូទ័របូមដល់ទីតាំងឈរជើងតែម្តង។ អំណោយ នេះមិនត្រឹមតែជួយសម្រាលការលំបាកក្នុងជីវ ភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាកម្លាំងចិត្តដ៏ធំធេង ធ្វើឱ្យយើងខ្ញុំកាន់តែមានស្មារតីរឹងមាំក្នុងការបំពេញភារកិច្ចការពារព្រំដែនជាតិ។

...

តាមរយៈសមិទ្ធផលអណ្តូងទឹកធន់នឹងការប្រែប្រួលអាកាសធាតុនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ មិនដែលបោះបង់ចោលកងកម្លាំងប្រដាប់អាវុធឡើយ ពោលគឺតែងតែតាមដាន និងដោះស្រាយរាល់សុខទុក្ខ និងតម្រូវការចាំបាច់នានានៅជួរមុខ ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ដែល នេះជាកត្តាដ៏សំខាន់ក្នុងការជំរុញឱ្យខ្សែបន្ទាត់ព្រំដែន ក្លាយជាព្រំដែនសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព៕ ដោយ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print