ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញដាក់កូរោនផ្កា និង គោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ឧត្តមសេនីយ៍ឯក កើត ស៊ីយុត្តិ អនុប្រធានមន្ទីរពេទ្យព្រះកេតុមាលា ដែលបានទទួលមរណភាព ក្នុងជន្មាយុ ៧៤ ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏សែនក្រៀមក្រំនេះ សម្តេចប្រធានរដ្ឋសភាបានសម្តែងការសោកស្តាយ និងស្រណោះអាឡោះអាល័យជាខ្លាំង និងបានចាត់ទុកមរណភាព លោកជំទាវ ឧត្តមសេនីយ៍ឯក កើត ស៊ីយុត្តិ មិនត្រឹមតែជាការបាត់បង់ដ៏ធំធេងនូវភរិយាដ៏ភក្តី ជានិមិត្តរូបនៃអ្នកម្តាយ ម្តាយក្មេក និងជាជីដូនដ៏មានព្រហ្មវិហារធម៌ គ្របដណ្តប់ដោយភាពកក់ក្តៅដល់កូនចៅក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបាត់បង់នូវ «កល្យាណមិត្ត» និងជាការបាត់បង់នាយទាហានដ៏ឆ្នើមមួយរូប ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងវិស័យសុខាភិបាលនៃកងយោធពលខេមរភូមិន្ទថែមទៀតផង។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់លោកជំទាវ ឧត្តមសេនីយ៍ឯក កើត ស៊ីយុត្តិ បានទៅសោយសុខក្នុងស្ថានបរមសុខ និងសូមឱ្យដួងវិញ្ញាណក្ខន្ធលោកជំទាវបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សិលា










