មជ្ឈមណ្ឌលព្យាបាលជំងឺអេបូឡាមួយកន្លែងនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ត្រូវបានប្រជាពលរដ្ឋដុតបំផ្លាញ បន្ទាប់ពីមានជម្លោះលើសាកសពអ្នកជំងឺម្នាក់ដែលបានស្លាប់ដោយសារជំងឺនេះ។
ហេតុការណ៍នេះបានកើតឡើងនៅមន្ទីរពេទ្យ Rwampara ក្នុងខេត្ត Ituri ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃជំងឺអេបូឡា បណ្តាលមកពីបាក់តេរី Bundibugyo ដែលជាប្រភេទវីរុសដ៏គ្រោះថ្នាក់ ដែលបច្ចុប្បន្នមិនទាន់មានវ៉ាក់សាំង ឬការព្យាបាលជាក់លាក់ណាមួយនៅឡើយទេ។
យោងតាមមន្ត្រីមូលដ្ឋាន សាច់ញាតិរបស់យុវជនម្នាក់ដែលបានស្លាប់ដោយសារជំងឺអេបូឡា បានព្យាយាមយកសាកសពជនរងគ្រោះចេញពីមន្ទីរពេទ្យ។ ទោះជាយ៉ាងណាក៏ដោយ បុគ្គលិកពេទ្យបានបដិសេធមិនប្រគល់សាកសពនោះ ដើម្បីធានាថានីតិវិធីគ្រប់គ្រងការឆ្លងត្រូវបានអនុវត្តតាម។
ក្រោយមក មនុស្សជាច្រើនបានគប់វត្ថុទៅលើតង់ព្យាបាល ដែលបណ្តាលឱ្យមានអគ្គីភ័យ ដែលបានបំផ្លាញតង់មន្ទីរពេទ្យចំនួនពីរ។ លោក Luc Mambele អនុប្រធានគណបក្ស A2RC បាននិយាយថា ប៉ូលីសត្រូវបាញ់ព្រមាន ដើម្បីបំបែកហ្វូងមនុស្ស និងស្តារសណ្តាប់ធ្នាប់ឡើងវិញនៅកន្លែងកើតហេតុ។
អង្គការវេជ្ជសាស្ត្រមនុស្សធម៌ ALIMA បានបញ្ជាក់ថា អ្នកជំងឺចំនួន6នាក់កំពុងត្រូវបានព្យាបាលនៅក្នុងតង់វេជ្ជសាស្ត្រនៅពេលមានការវាយប្រហារ។ បុគ្គលទាំងនេះត្រូវបានផ្លាស់ទៅកន្លែងសុវត្ថិភាពមួយនៅក្នុងមន្ទីរពេទ្យជាបន្តបន្ទាប់៕
រូបថត:Al Jazeera










