គណៈកម្មការទី៤ នៃរដ្ឋសភា ចុះស្វែងយល់ពីវឌ្ឍនភាពការងារ នៅវិទ្យាស្ថាននាយទាហានចម្រុះ ខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ លោក កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា (គណៈកម្មការទី៤) នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦បានបន្តដឹកនាំគណៈប្រតិភូ ចុះទស្សនកិច្ចសិក្សា និងស្វែងយល់ពីវឌ្ឍនភាពការងារ នៅវិទ្យាស្ថាននាយទាហានចម្រុះ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងស្វែងយល់អំពី រចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងបេសកកម្មរបស់វិទ្យាស្ថាន ក្នុងការបណ្តុះបណ្តាលធនធានមនុស្សបន្តវេន សម្រាប់ពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ឱ្យកាន់តែមានភាពរឹងមាំ វិជ្ជាជីវៈ និងទំនើប ស្របតាមការវិវត្តនៃវិស័យការពារជាតិ។ 

ក្នុងឱកាសនោះឧត្តមសេនីយ៍ឯក ម៉ម យឿន នាយរងសេនាធិការចម្រុះ និងជានាយកវិទ្យាស្ថាននាយទាហានចម្រុះ បានធ្វើបទបង្ហាញអំពីប្រវត្តិបង្កើត ការអភិវឌ្ឍ និងបេសកកម្មរបស់វិទ្យាស្ថាន។ 

លោកបានបញ្ជាក់ថា វិទ្យាស្ថាននេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ក្នុងនាមជា “សាលានាយទាហានចម្រុះ” មុនពេលប្តូរឈ្មោះទៅជា “វិទ្យាស្ថានទ័ពជើងគោក” នៅឆ្នាំ២០០៩ និងត្រូវបាន ដំឡើងឋានៈជា “វិទ្យាស្ថាននាយទាហានចម្រុះ” នៅឆ្នាំ២០២៤។ 

បច្ចុប្បន្ន វិទ្យាស្ថានមានផ្ទៃដីជាង ១៤៧ហិកតា និងមានមជ្ឈមណ្ឌលសំខាន់ៗចំនួន៣ រួមមាន មជ្ឈមណ្ឌលបញ្ជាអនុវត្តហ្វឹកហ្វឺន មជ្ឈមណ្ឌលយោធាចារ្យ និងមជ្ឈមណ្ឌលគ្រប់គ្រងសិក្ខាកាម ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលកងកម្លាំងប្រដាប់អាវុធប្រកបដោយគុណភាព និងវិជ្ជាជីវៈខ្ពស់។ វិទ្យាស្ថានក៏មានកិច្ចសហប្រតិបត្តិការជាមួយក្រសួងការពារជាតិចិន ក្នុងការគាំទ្រការអភិវឌ្ឍវិស័យបណ្តុះបណ្តាលផងដែរ។ 

លោក ម៉ម យឿន បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការយកចិត្តទុកដាក់លើវិស័យការពារជាតិ និងការកសាងធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យមានចីរភាព។ 

ទន្ទឹមនឹងសមិទ្ធផលជាច្រើន វិទ្យាស្ថានក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន រួមមាន កង្វះអគារស្នាក់នៅសម្រាប់គ្រូយោធាចារ្យ កម្រិតសមត្ថភាពរបស់គ្រូវ័យក្មេងមួយចំនួន និងការខ្វះខាតសម្ភារៈបច្ចេកវិទ្យាទំនើបសម្រាប់ការហ្វឹកហ្វឺន។ 

ជាការឆ្លើយតប លោក កែប ជុតិមា បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ យោធាចារ្យ និងបុគ្គលិកទាំងអស់ នៃវិទ្យាស្ថាន ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងវិជ្ជាជីវៈខ្ពស់ ដើម្បីបន្តថែរក្សាសន្តិភាព សន្តិសុខ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ 

លោកក៏បានបញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងជំរុញការធ្វើទំនើបកម្មលើវិស័យការពារជាតិ តាមរយៈការកែទម្រង់រចនាសម្ព័ន្ធ ការហ្វឹកហ្វឺន និងការបំពាក់សម្ភារៈបច្ចេកទេសទំនើបៗ ដើម្បីពង្រឹងខឿនការពារជាតិឱ្យកាន់តែរឹងមាំ។ 

ជាទីបញ្ចប់ គណៈប្រតិភូគណៈកម្មការទី៤ នៃរដ្ឋសភា បាននាំយកថវិកាចំនួន ៥លានរៀល របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឧបត្ថម្ភជូនដល់វិទ្យាស្ថាននាយទាហានចម្រុះផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print